
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) ធ្វើដំណើរទៅកាន់ប្រទេសបារាំង និងអាល្លឺម៉ង់នៅថ្ងៃចន្ទ (១២ កុម្ភៈ) នេះ ខណៈដែលសមាជិកសហភាពអឺរ៉ុបទាំងបី ស្វះស្វែងរកការចងសម្ព័ន្ធភាពកាន់តែជិតស្និទ្ធ នៅពេលប្រឈមមុខនឹងហានិភ័យសន្តិសុខកើនឡើង។
ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន នឹងឈានចូលដល់ឆ្នាំទី៣ របស់ខ្លួនឆាប់ៗនេះ ហើយលទ្ធភាពនៃការក្លាយជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលអាចគំរាមកំហែងដល់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធយោធាឆ្លងសមុទ្រអាត្លង់ទិក ណាតូ (NATO) ទីក្រុង វ៉ាសូវី ទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង មើលឃើញការរួបរួមការពារជាតិជាកត្តាចាំបាច់។
ប្រភពរដ្ឋាភិបាលប៉ូឡូញមួយបាននិយាយថា «អឺរ៉ុបត្រូវតែធ្វើសកម្មភាពរួមគ្នា នេះគឺជាចម្លើយនៃសំណួរដែលថានឹងមានអ្វីកើតឡើងប្រសិនបើលោក ត្រាំ ឈ្នះឆ្នោត។ យើងមិនមានពេលវេលាច្រើនទេ យើងត្រូវតែមានសមត្ថភាពឧស្សាហកម្មការពារខ្លាំងជាងនេះ»។
ប្រភពនោះបានបន្ថែមថា អឺរ៉ុបត្រូវការការផលិតគ្រាប់រំសេវរួមគ្នាជាបន្ទាន់ ហើយប៉ូឡូញ លែងរារាំង «ស្វ័យភាពជាយុទ្ធសាស្ត្រ» ដែលធ្វើឱ្យអឺរ៉ុបមិនសូវពឹងផ្អែកលើអ្នកដទៃទៀតហើយ។ ការផ្លាស់ប្តូរនេះត្រូវបានគេកត់សម្គាល់ឃើញនៅកន្លែងផ្សេងជាច្រើនទៀតនៅក្នុងទ្វីបអឺរ៉ុប៕