
នៅពេលដែលរដ្ឋាភិបាលប៉ាគីស្ថានត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក Imran Khan បានបង្ហោះវីដេអូយុទ្ធនាការនៅលើបណ្ដាញសង្គម TikTok ហើយនៅពេលដែលនរគបាលរារាំងអ្នកគាំទ្ររបស់លោកមិនឲ្យប្រមូលផ្តុំគ្នា ពួកគេបានរៀបចំការជួបជុំនិម្មិតតាមប្រព័ន្ធអ៊ីនធឺណិត។
បន្ទាប់មកនៅពេលដែលលោក Khan បានបញ្ចប់ជោគវាសនាដោយការរស់នៅក្នុងពន្ធនាគារ អ្នកគាំទ្ររបស់លោក បានបង្កើតសុន្ទរកថាដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីត្រាប់តាមសំឡេងរបស់លោក។ សាររបស់អ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះ បានបន្លឺឡើងឮដល់មនុស្សរាប់លាននាក់ទូទាំងប្រទេស ដែលខកចិត្តជាមួយនឹងវិបត្តិសេដ្ឋកិច្ច និងតំណនយោបាយចាស់របស់ប្រទេស ដោយសាររបស់លោកនោះបានលើកឡោះងថា ប៉ាគីស្ថានបានធ្លាក់ចុះយ៉ាងខ្លាំងក្លាជាច្រើនទសវត្សរ៍មកហើយ ហើយបានពន្យល់ថា មានតែរូបលោកទេដែលអាចស្តារបានវិញនូវភាពអស្ចារ្យកាលពីអតីតកាលរបស់ខ្លួន។
ជោគជ័យរបស់បេក្ខជនដែលមានសម្ព័ន្ធភាពជាមួយគណបក្សរបស់លោក Khan ក្នុងការបោះឆ្នោត កាលពីសប្តាហ៍មុន ដោយទទួលបានអាសនៈច្រើនជាងគេក្នុងសភា គឺជាការខកចិត្តដ៏គួរឲ្យភ្ញាក់ផ្អើល ចំពោះអ្នកនយោបាយប៉ាគីស្ថាន។ ចាប់តាំងពីលោក Khan បានមានជម្លោះជាមួយបណ្ដាឧត្តមសេនីយ៍របស់ប្រទេសនេះ ហើយត្រូវបានសភាទម្លាក់ចេញពីអំណាច ក្នុងឆ្នាំ២០២២ អ្នកគាំទ្ររបស់លោកបានប្រឈមមុខការបង្រ្កាបដែលដឹកនាំដោយយោធា ដែលអ្នកជំនាញបាននិយាយថា ត្រូវបានរៀបចំឡើង ដើម្បីអតីតនាយករដ្ឋមន្ត្រី នៅខាងក្រៅឆាកនយោបាយ។
តែយ៉ាងណាក្ដី ជោគជ័យរបស់លោកបានកត់សម្គាល់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះរបស់ប្រទេសប៉ាគីស្ថាន ដែលយុទ្ធសាស្រ្តនយោបាយប្រើប្រាស់ដោយយោធាដ៏មានឥទ្ធិពលរបស់ប្រទេសអស់រយៈពេលជាច្រើនទសវត្សរ៍ ដើម្បីបន្តក្តាប់អំណាចរបស់ខ្លួននោះ បានងាកចេញពីគោលដៅភ្លាមៗមួយរំពេច។ វាក៏បង្ហាញឲ្យឃើញថា តើវោហាសាស្ត្រប្រជានិយមរបស់លោក Khan និងក្រុមយុវជនដែលយល់ច្បាស់ពីអ៊ីនធឺណិតរបស់ប្រទេស កំពុងកែប្រែឡើងវិញនូវនយោបាយនៅប៉ាគីស្ថាន ជាប្រទេសបំពាក់អាវុធនុយក្លេអ៊ែរដែលមានប្រជាជនចំនួន ២៤០លាននាក់ ដែលបានតស៊ូជាមួយរដ្ឋប្រហារយោធា ចាប់តាំងពីការបង្កើតឡើងកាលពី ៧៦ឆ្នាំមុន៕