
នគរបាលបាននិយាយថា មន្ត្រីអនុវត្តច្បាប់ក្រៅកាតព្វកិច្ច ២រូប នៅទីក្រុង Houston រដ្ឋ Texas បានសម្លាប់ស្ត្រីម្នាក់ដែលបានបើកការបាញ់ប្រហារ កាលពីថ្ងៃអាទិត្យ (ទី១១ ខែកុម្ភៈ) នៅព្រះវិហារ Lakewood ដែលជាវិហារផ្សព្វផ្សាយទ្រឹស្តីគ្រិស្តសាសនាដ៏ធំបំផុតមួយ នៅក្នុងសហរដ្ឋអាមេរិក។
ស្នងការនគរបាលទីក្រុង Houston លោក Troy Finner បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ស្ត្រីម្នាក់ក្នុងវ័យជាង ៣០ឆ្នាំ បានចូលព្រះវិហារដ៏ធំនេះបន្តិចមុនម៉ោង ២រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២០ ម៉ោងសកល) ដោយមានប្រដាប់ដោយកាំភ្លើងវែងមួយដើម និងអមដោយក្មេងអាយុប្រហែល ៥ឆ្នាំ ហើយបានចាប់ផ្តើមបាញ់ប្រហារ។
លោក Finner បាននិយាយថា មន្ត្រីក្រៅកាតព្វកិច្ច ២នាក់ ម្នាក់ជាភ្នាក់ងារគណៈកម្មាធិការភេសជ្ជៈមានជាតិអាល់កុល នៅរដ្ឋតិចសាស់ និងម្នាក់ទៀតជាមន្ត្រីនគរបាល នៅទីក្រុង Houston បានសម្លាប់ខ្មាន់កាំភ្លើងជាស្ត្រីនោះ មុនពេលនាងអាចសម្លាប់នរណាម្នាក់នៅខាងក្នុងព្រះវិហារ ដែលរៀបចំពិធីបុណ្យសាសនាជាភាសាអេស្ប៉ាញ។
ជាមួយគ្នានេះ លោក Finner បានបន្ថែមថា មនុស្ស ២នាក់បានរងរបួស ក្នុងនោះរួមទាំងកុមារដែលនៅជាមួយអ្នកបាញ់ប្រហារផងដែរ។ មន្ត្រីបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីស្វែងយល់ពីទំនាក់ទំនងរបស់កុមារជាមួយនឹងខ្មាន់កាំភ្លើង និងហេតុផលជំរុញចិត្តរហូតឈានទៅដល់ការបាញ់ប្រហារនេះ៕