
តម្លៃប្រេងបានធ្លាក់ចុះនៅក្នុងការជួញដូរដំបូង នៅអាស៊ី នាថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) នេះ បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបាន «បញ្ចប់» ការវាយប្រហារជាបន្តបន្ទាប់ នៅតំបន់ហ្កាហ្សាភាគខាងត្បូង ដោយបន្ធូរបន្ថយការព្រួយបារម្ភបន្តិចបន្តួចអំពីការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ា។
ការជួញដូរដើមសប្ដាហ៍នេះ ឃើញថា ហ៊ុនប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៤៣សេន ឬ ០,៥ភាគរយនៅតម្លៃ ៨១,៧៦ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) ធ្លាក់ ៤៦សេន ឬទាបជាង ០,៦ភាគរយ នៅតម្លៃ ៧៦,៣៨ដុល្លារ ក្នុងមួយបារ៉ែល ត្រឹមម៉ោង ១:៣៥នាទី ម៉ោងសកល។
ហានិភ័យភូមិសាស្ត្រនយោបាយ ក្នុងនោះរួមទាំងការរីករាលដាលនៃការភ័យខ្លាចពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅទូទាំងតំបន់ និងការរំខានការផ្គត់ផ្គង់ប្រេង ដែលមានសក្តានុពល នៅតំបន់មជ្ឈិមបូព៌ា បានជំរុញឲ្យតម្លៃហក់ឡើងប្រហែល ៦ភាគរយ កាលពីសប្តាហ៍មុន។
តែយោធាអ៊ីស្រាអែលបាននិយាយ នៅថ្ងៃចន្ទនេះថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ដែលឥឡូវនេះបាន «បញ្ចប់ហើយ» ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានច្រានចោលសំណើបទឈប់បាញ់ពីក្រុមហាម៉ាស។
ទោះបីជាការព្រួយបារម្ភអំពីការផ្គត់ផ្គង់ នៅតំបន់មជ្ឈិមបូព៌ា នៅតែមានកម្រិតខ្ពស់ដដែល ក៏ព័ត៌មានពីសហរដ្ឋអាមេរិកបានបន្ធូរបន្ថយក្ដីកង្វល់ខ្លះៗ៕