ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី និងគណៈប្រតិភូ, នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋហុងគ្រី ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហុងគ្រី បានបរិ ច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤៥៤ ៧០០ដូស និងប្រភេទ Moderna ចំនួន ១០០ ០០០ ដូស ជូនមករាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋហុងគ្រី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជា តាមរយៈការផ្លាស់ប្តូរអ្នកជំនាញបច្ចេកទេស និងអ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងថ្នាក់វេជ្ជបណ្ឌិតជំនាញលើជំនាញព្យាបាលជំងឺមហារីក និងជំនាញផ្សេងៗទៀត និងការផ្លាស់ប្តូរបច្ចេកវិទ្យា និងចែករំ លែកបទពិសោធន៍លើផ្នែកព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាលផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋហុងគ្រី តាមរយៈឯកឧត្តមឯកអ គ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសា ស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕ អត្ថបទ៖ រដ្ឋា










