
រដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬG7 ត្រូវបានរំពឹងថា នឹងជួបប្រជុំគ្នានៅខាងក្រៅសន្និសីទសន្តិសុខប្រចាំឆ្នាំទីក្រុងមុយនិច (MSC) ប្រទេសអាល្លឺម៉ង់ នៅចុងសប្តាហ៍ខាងមុខនេះ។ នេះបើតាមប្រធានរបស់សន្និសីទដែលបានប្រាប់ឲ្យដឹង នៅថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) នេះ ដោយបន្ថែមថា ការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ពាក់ព័ន្ធនឹងអង្គការណាតូ នឹង «ពិតណាស់» ជារបៀបវារៈរបស់ខ្លួន។
ប្រធាន MSC លោក Christoph Heusgen ដែលជាអតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៊ែរឡាំងថា អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន នឹងជួបប្រជុំគ្នា ហើយក៏ពិភាក្សាអំពីសុន្ទរកថារបស់លោក Trump ដែលបាននិយាយថា លោកនឹងមិនចង់ការពារសមាជិករបស់អង្គការណាតូ (NATO) ពីការវាយប្រហារដោយរុស្ស៊ីនាពេលអនាគតនោះទេ ប្រសិនបើការរួមចំណែករបស់ប្រទេសសមាជិកទាំងនោះ ចំពោះសម្ព័ន្ធភាពការពារនេះមានកម្រិតមិនគ្រប់គ្រាន់។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលជួបជុំនយោបាយ កាលពីថ្ងៃសៅរ៍ (ទី១០ ខែកុម្ភៈ) នៅរដ្ឋ South Carolina លោក Trump បានត្អូញត្អែរអំពីអ្វីដែលលោកហៅថា ការបង់ប្រាក់ «ដ៏ធ្វេសប្រហែស» ដោយប្រទេសមួយចំនួនរបស់អង្គការណាតូ ហើយបានរំលឹកឡើងវិញនូវអ្វីដែលលោកបាននិយាយថា ជាការសន្ទនាកន្លងមកជាមួយប្រមុខដឹកនាំនៃ «ប្រទេសធំ» អំពីការវាយប្រហារ ដោយប្រទេសរុស្ស៊ីលើបណ្ដាប្រទេសដូចនេះ៕