
អ្នកនាំពាក្យនគរបាលបានប្រាប់ឲ្យដឹងថា អតីតបុគ្គលិកដែលពោរពេញដោយកំហឹងឆាបឆួលម្នាក់ បានបាញ់សម្លាប់ប្រធានក្រុមហ៊ុនដឹកជញ្ជូនក្រិក និងមនុស្ស ២នាក់ផ្សេងទៀត មុនពេលធ្វើអត្តឃាត នៅឯការិយាល័យរបស់ក្រុមហ៊ុន នាទីក្រុងអាតែន នៅថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) នេះ។
នគរបាល រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានដាក់ឲ្យប្រចាំការនៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនដឹកជញ្ជូន European Navigation នៅជាយក្រុង Glyfada ភាគខាងត្បូង។ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅកន្លែងកើតហេតុ បានរាយការណ៍ថា កងកម្លាំងប្រឆាំងភេរវកម្មបានចូលទៅក្នុងអគារនេះ ដោយបានជម្លៀសមនុស្សចេញពីខាងក្នុង។
អ្នកនាំពាក្យនគរបាលលោកស្រី Konstantina Dimoglidou ដែលមិនបញ្ចេញឈ្មោះជនរងគ្រោះ បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ គឺម្ចាស់ក្រុមហ៊ុន European Navigation។ សាច់ញាតិរបស់សពបានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា សាច់ញាតិរបស់ខ្លួន បានព្យាយាមដណ្ដើមកាភ្លើងពីខ្មាន់កាំភ្លើង។
លោកស្រី Dimoglidou បាននិយាយថា ខ្មាន់កាំភ្លើងដែលជាអតីតបុគ្គលិកវ័យ ៧៦ឆ្នាំ ត្រូវបានរកឃើញថា បានស្លាប់នៅក្នុងកន្លែងផ្សេងទៀតរបស់អគារឆ្ងាយពីជនរងគ្រោះ ដែលមានបុរស ២នាក់ និងស្ត្រីម្នាក់។ លោកស្រីបានបន្ថែមថា អាវុធមួយដើមត្រូវបានរកឃើញនៅក្បែរអ្នកបាញ់ប្រហារ ដែលប្រហែលជាបាញ់សម្លាប់ខ្លួនឯង។ នគរបាលដែលបានបិទតំបន់នោះបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើឧទ្ទវហេតុនេះ៕