គណបក្សនយោបាយធំៗពីររបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ បានឈ្លោះប្រកែកគ្នាអំពីថាតើអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតមិនពេញលេញកាលពីសប្តាហ៍មុន បានបង្ខំឱ្យពួកគេរួមកម្លាំងគ្នា និងព្យាយាមបង្កើតបក្សចម្រុះនៅក្នុងសភាដែលគ្រប់គ្រងដោយក្រុមឯករាជ្យ។

ការឈ្លោះប្រកែកគ្នា ទំនងជាធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីស្ថិរភាពរបស់ប្រទេសនេះ ដែលបានជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងការកើនឡើងនៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ។

បណ្ដាគណបក្សនយោបាយ និងបេក្ខជនជាច្រើន បានអំពាវនាវឱ្យមានការតវ៉ាប្រឆាំងនឹងលទ្ធផល ហើយអ្នកគាំទ្រគណបក្ស PTI បានបិទចរាចរណ៍នៅក្នុងទីក្រុង ផេសាវ៉ា(Peshawar) ភាគខាងជើងកាលពីថ្ងៃអាទិត្យ។

នាយករដ្ឋមន្ត្រីចាំផ្ទះលោក អាន់វ៉ា អាល់ ហាក កាការ(Anwaar-ul-Haq Kakar) បានច្រានចោលការចោទប្រកាន់នេះ ហើយបាននិយាយថា មិនមានការបំភ្លៃលទ្ធផល និងគ្មានសម្ពាធលើគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីផ្តល់លទ្ធផលជាក់លាក់ណាមួយឡើយ។
លោកបាននិយាយថា ប្រទេសប៉ាគីស្ថាននឹងមិនស៊ើបអង្កេតលើការចោទប្រកាន់អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតនោះទេ ដោយសារតែរដ្ឋធានីបរទេសមួយចំនួន បានស្វែងរកការស៊ើបអង្កេត ហើយប៉ាគីស្ថានមានច្បាប់ផ្ទាល់ខ្លួន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា៕