ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យមានការផ្អាកប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សារយៈពេល៦សប្តាហ៍ ជាជំហានឆ្ពោះទៅរកបទឈប់បាញ់រយៈពេលកាន់តែយូរ។

លោក Biden និងមហាក្សត្រ Abdullah របស់ប្រទេសហ្ស៊កដានី បានលើកឡើងពីបញ្ហានេះបន្ទាប់ពីសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ បានពិភាក្សាគ្នានៅវិមានសេតវិមាន។ ការពិភាក្សា បានគ្របដណ្ដប់លើបញ្ជីបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភ រួមមានទាំងការវាយលុកជើងគោករបស់អ៊ីស្រាអែល ដែលកំពុងកើតឡើងនៅភាគខាងត្បូងតំបន់ហ្កាហ្សា និងការគំរាមកំហែងនៃមហន្តរាយមនុស្សធម៌ ក្នុងចំណោមជនស៊ីវិលប៉ាឡេស្ទីន។

លោក Biden បានបង្ហាញពីការខឹងសម្បារកាន់តែខ្លាំងឡើងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះការមិនយកចិត្តទុកដាក់តាមការណែនាំរបស់លោក ដោយបាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់លើកិច្ចព្រមព្រៀងមួយដើម្បីផ្អាកការប្រយុទ្ធគ្នា និងអនុញ្ញាតឱ្យចំណាប់ថ្នូរនៅតំណន់ហ្កាហ្សា ត្រូវបានដោះលែង ព្រមទាំងមានលំហូរជំនួយមនុស្សធម៌កើនឡើង។

លោក Biden បាននិយាយថា «យើងមិនអាចឈរនៅស្ងៀម ហើយទុកឲ្យរឿងនេះនៅបន្តទៀតនោះទេ។ យើងត្រូវការបទឈប់បាញ់យូរអង្វែងនៅពេលនេះ។ សង្រ្គាមនេះត្រូវតែបញ្ចប់។
លោក Biden បានសន្ទនាជាមួយលោក Netanyahu ដែលសេតវិមានបាននិយាយថា លោកបានបញ្ជាក់ថា ប្រតិបត្តិការយោធានៅទីក្រុង Rafah មិនគួរកើតឡើងដោយគ្មានផែនការអាចទុកចិត្តបាន និងអាចធ្វើប្រតិបត្តិការទៅបានចំពោះការធានាសុវត្ថិភាព និងការគាំទ្រប្រជាជនជាងមួយលាននាក់ដែលកំពុងជ្រកកោននៅទីនោះ។ មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីភាគខាងលិច មហាក្សត្រ Abdullah បានយាងចូលរួមក្នុងការទម្លាក់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ជាសកម្មភាពដែលបង្ហាញពីតួនាទីរបស់ព្រះរាជាណាចក្ររបស់លោក ក្នុងការជំរុញអ៊ីស្រាអែលឱ្យបញ្ឈប់ការរឹតបន្តឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជំងឺ ភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។