រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក ខារីម ខាន់ (Karim Khan) បាននិយាយកាលពីថ្ងៃចន្ទ (១២ កុម្ភៈ) ថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការទម្លាក់គ្រាប់បែក និងលទ្ធភាពនៃការលុកលុយដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សា។

លោក ខាន់ បានបង្ហោះនៅលើបណ្ដាញសង្គម X បែបនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសនៅក្នុងទីក្រុងដែលជាជម្រកចុងក្រោយរបស់ជនស៊ីវិលភៀសខ្លួនប្រហែលមួយលាននាក់។ រដ្ឋអាជ្ញារូបនេះបាននិយាយថា តុលាការកំពុងស៊ើបអង្កេតយ៉ាងសកម្មនូវឧក្រិដ្ឋកម្មណាមួយដែលត្រូវចោទប្រកាន់ថាបានប្រព្រឹត្តនៅក្នុងតំបន់ហ្កាហ្សា ហើយនឹងរក «អ្នកដែលបំពានច្បាប់ឲ្យទទួលខុសត្រូវ»។

អ៊ីស្រាអែល មិនមែនជាសមាជិកនៃតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នេះទេហើយមិនទទួលស្គាល់យុត្តាធិការរបស់ខ្លួនឡើយ ប៉ុន្តែលោក ខាន់ បាននិយាយកាលពីខែតុលាថា តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមានដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅអ៊ីស្រាអែល និងដោយជនជាតិអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។

អ៊ីស្រាអែលបដិសេធថាមិនបានប្រព្រឹត្តអំពើឃោរឃៅក្នុងការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា ដែលបានកើតឡើងបន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស លើអ៊ីស្រាអែលភាគខាងត្បូងនោះទេ។ ជាងបួនខែមកនេះ ដែនដីហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើនយ៉ាងក្រាស់ក្រែលនៅលើសមុទ្រមេឌីទែរ៉ាណេនេះត្រូវបានបំផ្លាញ ដោយជនជាតិប៉ាឡេស្ទីនជាង ២៨.៣០០ នាក់បានស្លាប់ និងមនុស្សជិត ៦៨.០០០ នាក់បានរងរបួស៕