មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃចន្ទ (១២ កុម្ភៈ) ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា (Rafah) មិនត្រូវឲ្យប៉ះពាល់ដល់ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស លើការដោះលែងចំណាប់ថ្នូរនោះទេ មុនពេលដែលការពិភាក្សាបន្ថែមទៀតត្រូវបានរំពឹងទុករវាងប្រមុខចារកម្មនៅក្នុងប្រទេសអេហ្ស៊ីប។

ក្រុមមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និងកាតា ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការចរចាឡើងវិញនៅថ្ងៃអង្គារ (១៣ កុម្ភៈ) នេះនៅទីក្រុងគែរ ដើម្បីធ្វើការលើក្របខ័ណ្ឌកិច្ចព្រមព្រៀងបីដំណាក់កាល ដែលនឹងមើលឃើញមានការដោះលែងចំណាប់ថ្នូរ និងសម្រេចបាននូវការផ្អាកប្រយុទ្ធបន្ថែមទៀត នេះបើតាមប្រភពដែលដឹងពីបញ្ហានេះ។

កិច្ចពិភាក្សាក្នុងសប្តាហ៍នេះដែលពាក់ព័ន្ធនឹងនាយកទីភ្នាក់ងារចារកម្មអាមេរិក CIA លោក ប៊ីល ប៊ឺនស៍ (Bill Burns) និងនាយករដ្ឋមន្ត្រីកាតា លោក សេអ៊ីក ម៉ូហាម៉េដ (Sheikh Mohammed) ក្នុងចំណោមអ្នកផ្សេងទៀតនឹងប្រព្រឹត្តទៅ ទោះបីជាមានការបដិសេធដោយអ៊ីស្រាអែលកាលពីសប្តាហ៍មុននៃសំណើប្រឆាំងក្រុមហាម៉ាសក៏ដោយ។

ជម្លោះកាន់តែខ្លាំងឡើងក្នុងទីក្រុងរ៉ាហ្វា បានជំរុញឱ្យមានការព្រួយបារម្ភថា ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ចុងភាគខាងត្បូងហ្កាហ្សា ជាទីដែលជនស៊ីវិលប្រហែល ១ លាននាក់បានស្វែងរកការជ្រកកោនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាច្រើនខែ អាចរារាំងការចរចាចំណាប់ថ្នូរ៕