សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការងារអធិការកិច្ច គឺជា ការពង្រឹងដល់អភិក្រមទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់» ហើយសម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំពង្រឹងគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ តាមរយៈការធ្វើកំណែទម្រង់រចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពបំផុត។
ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច»នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួងអធិការកិច្ច គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាល ដែលមានមុខងារធ្វើអធិការកិច្ចនៅក្នុងគ្រប់វិស័យទាំងអស់ ហើយសម្តេចបានចាត់ទុកថា ក្រសួងអធិការកិច្ចនេះគឺជាភ្នែក ត្រចៀករបស់រាជរដ្ឋាភិបាល ដូច្នេះគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្តទាំងអស់ត្រូវចូលរួម សហការជាមួយក្រសួងអធិការកិច្ចដើម្បីកែលម្អការងារ ហើយសូមកុំរត់គេចពីការងារធ្វើការអធិការកិច្ចនេះ ឲ្យសោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រសួងអធិការកិច្ចមានតួនាទីគន្លឹះ ក្នុងការជួយរាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ ដោយផ្តោតអាទិភាពក្នុង ការពង្រឹងការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្តផ្អែកលើគុណាធិបតេយ្យ និង ការចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ក្នុងការដាក់ទណ្ឌកម្ម វិន័យ វិធានការច្បាប់ចំពោះមន្រ្តីសាធារណៈ ដែលប្រព្រឹត្តបំពាន់ក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចនូវពេលអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួនជា ជាដើមនោះ៕អត្ថបទបាន ចក់




