
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំគឺជាការងារស្នូលបំផុតរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧នេះ ហើយវាគឺជាឆន្ទៈខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការធ្វើអភិបាលកិច្ចល្អលើគ្រប់ក្រសួង ស្ថាប័នទំាងអស់។
ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការត្រួតពិនិត្យ និងតាមដាននេះគឺជាការងារស្នូល ក្នុងការធ្វើទំនើប កម្មដល់ស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយដើម្បីសម្រេចភារកិច្ចនេះ ការតាមដានត្រួតពិនិត្យ ការសង្កេតការស្រាវជ្រាវលើដំណើរការ នៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ ធ្វើវិនិច្ឆ័យរកគុណសម្បត្តិ និងគុណវបត្តិ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអធិការកិច្ចក្នុងការធ្វើកំណែទម្រង់តាមដានត្រួតពិនិត្យនៅតាមក្រសួង ស្ថាប័ននានាផងដែរ ខណៈការខិតខំនេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវឆន្ទៈដោយឥត ងាករេរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧នេះ ហើយសម្តេចក៏បានជំរុញឲ្យក្រសួងអធិការកិច្ចត្រូវធ្វើការតាមដាន និង ត្រួតពិនិត្យបន្ថែមទៀតផងដែរ ដើម្បីធានានូវប្រសិទ្ធភាពការងាររបស់រដ្ឋបាលសាធារណៈ៕អត្ថបទ៖ បាន ចក់