ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅជូនលោកយាយ លោកតាអាយុ ១០០ ដល់១០២ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល និងនៅខណ្ឌកំបូល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្រាប់ទីតាំងទី១. លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រួមនឹងក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាចំនួន ០៣លានរៀល ទៅជូនលោកយាយ ហាយ សាម៉េត មានអាយុ១០១ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្ដាល បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទកូវីសែល។
សម្រាប់ទីតាំងទី២. ថវិកាចំនួន០៣លានរៀល ទៅជូនលោកយាយ អៀម រៀមអាយុ១០១ឆ្នាំ រស់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទកូវីសែល។



