អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចូលរួមសវនាការបិទទ្វារ នៅក្នុងរដ្ឋ ផ្លរីដា(Florida) កាលពីថ្ងៃចន្ទ ជុំវិញការចោទប្រកាន់របស់សហព័ន្ធថា លោកគ្រប់គ្រងមិនបានត្រឹមត្រូវឯកសារសម្ងាត់បំផុត។
លោក Trump ដែលមានអាយុ ៧៧ឆ្នាំ បានបង្ហាញពីភាពគ្មានទោសកាលពីខែមិថុនា ចំពោះបទចោទប្រកាន់ពីបទរក្សាទុកព័ត៌មានការពារជាតិដោយខុសច្បាប់ ការសមគំនិតរារាំងយុត្តិធម៌ និងការធ្វើសេចក្តីថ្លែងការណ៍ក្លែងបន្លំ។ ចៅក្រមក្នុងសំណុំរឿងនេះ លោកស្រី អាយលីន កាណុង(Aileen Cannon) បានកោះប្រជុំមេធាវីមកពីភាគីទាំងសងខាង សម្រាប់ដំណើរការនីតិវិធីកាលពីថ្ងៃចន្ទ។
មេធាវីរបស់លោក Trump មានបំណងទទួលបានដំណើរការចំពោះឯកសារសម្ងាត់បំផុត ដែលបច្ចុប្បន្នស្ថិតនៅក្នុងដៃរបស់រដ្ឋអាជ្ញា ប៉ុន្តែមេធាវីរបស់រដ្ឋាភិបាល ជំទាស់ទៅនឹងចំណាត់ការនេះ លើមូលដ្ឋានព័ត៌មាន មានភាពរសើបខ្លាំង។

លោកស្រី Cannon បានសរសេរនៅក្នុងឯកសាររបស់តុលាការ ដោយអំពាវនាវថា នៅសវនាការ មេធាវីរបស់លោក Trump គួរតែរៀបចំដើម្បី ពិភាក្សាទ្រឹស្តីការពារក្តីរបស់ពួកគេអំពីករណីនេះឱ្យបានលម្អិត និងថាតើព័ត៌មានសម្ងាត់បំផុតណាមួយអាចពាក់ព័ន្ធ ឬមានប្រយោជន៍ចំពោះការការពារក្តី។

លោកស្រី មានផែនការ ស្តាប់ការលើកឡើងរបស់មេធាវីការពារក្តីជាមុនសិន ហើយបន្ទាប់មកពីរដ្ឋអាជ្ញាសហព័ន្ធ។ លោក Trump ត្រូវបានកំណត់ពេលចាប់ផ្តើមកាត់ក្តីនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ។ បុគ្គលិកពីរនាក់ ក៏ត្រូវបានចោទប្រកាន់ផងដែរ មានប្រធានផ្នែកគ្រប់គ្រងអចលនទ្រព្យ និងជំនួយការផ្ទាល់របស់ លោក Trump។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានបង្ហាញខ្លួននៅក្នុងសវនាការក្នុងសំណុំរឿងតុលាការជាច្រើនករណីប្រឆាំងលោក។
អតីតមេដឹកនាំរូបនេះ មានទំនោរទៅរកបញ្ហាផ្លូវច្បាប់របស់លោក ដែលមិនទំនងជា ធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក ដែលបានក្លាយជាអ្នកឈានមុខគេតំណែងប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ ឡើយ ។