ក្រុមបាតុកររាប់ពាន់នាក់បានបិទផ្លូវហាយវ៉េនានា ហើយបានចាប់ផ្តើមធ្វើកូដកម្មពេញមួយថ្ងៃ ដើម្បីតវ៉ាប្រឆាំងចំពោះលទ្ធផលនៃការបោះឆ្នោតសកលកាលពីសប្តាហ៍មុន នៅក្នុងប្រទេសប៉ាគីស្ថាន។
បាតុកម្មកាលពីថ្ងៃចន្ទធ្វើឡើង បន្ទាប់ពីការប្រកាសលទ្ធផលចុងក្រោយពីការបោះឆ្នោតថ្ងៃទី ៨ ខែកុម្ភៈ ដោយមានភាពតានតឹងហក់ឡើងខ្លាំង ខណៈមានការអះអាងពីការក្លែងបន្លំសន្លឹកឆ្នោត និងការរំខាន ព្រមទាំងភាពមិនច្បាស់លាស់យ៉ាងខ្លាំង លើការបង្កើតរដ្ឋាភិបាលថ្មី។

គណបក្ស តេរីក អ៊ី អ៊ីនសាហ្វ ប៉ាគីស្ថាន (Pakistan Tehreek-e-Insaf) (PTI) របស់អតីតនាយករដ្ឋមន្ត្រីលោក អ៊ីមរ៉ាន ខាន(Imran Khan) និងសម្ព័ន្ធរបស់ខ្លួន បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងតារាងសរុបចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយទទួលបាន៩៥អាសនៈក្នុងចំណោមអាសនៈសរុបចំនួន២៦៤។ចំណែកគណបក្សសម្ព័ន្ធម៉ូស្លីមណាវ៉ាសប៉ាគីស្ថាន (Pakistan Muslim League-Nawaz) (PML-N) របស់អតីតនាយករដ្ឋមន្ត្រី ណាវ៉ាសើ ហ្សារីហ្វ (Nawaz Sharif) បានឈរនៅចំណាត់ថ្នាក់លេខ ២ ដោយទទួលបានសំឡេងគាំទ្រចំនួន ៧៥ អាសនៈ។

ខណៈដែលគ្មានភាគីណាឈ្នះសំឡេងភាគច្រើនដាច់ខាតនោះ ការចរចាដ៏ស្មុគស្មាញកំពុងបន្តលើការបង្កើតរដ្ឋាភិបាលចម្រុះ ដែលនឹងជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ។
ស្របពេលលទ្ធផលនៅតាមមណ្ឌលបោះឆ្នោតរាប់សិបកន្លែង កំពុងប្រឈមនឹងបញ្ហានៅក្នុងតុលាការ ប្រទេសប៉ាគីស្ថាន ស្ថិតក្នុងភាពមិនច្បាស់លាស់ខាងនយោបាយជាច្រើនសប្តាហ៍ខាងមុខ។
គួររម្លឹកថាមនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវកាលពីចុងសប្តាហ៍ក្នុងទីក្រុង ឡាហ័រ (Lahore) ជាទីដែលមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន។ កាលពីថ្ងៃចន្ទ គណបក្ស PTI បានរៀបចំការតវ៉ានិងកូដកម្មបន្ថែមទៀត៕