បច្ចុប្បន្នក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ នៅតែមានភាពញញឹកដឹកភ្ញៀវទេសចរបរទេសជាប្រចាំ។ ពួកគេតែងតែទៅទទួលភ្ញៀវចុះពីកាប៉ាល់នៅចំណុចផែស្ងួត ក្បែរស្ពានជ្រោយចង្វារ និងនៅតាមសណ្ឋាគារ។ ការទទទួលបានភ្ញៀវទេសចរបរទេសដឹកជាប្រចាំនេះ បានចូលរួមផ្ដល់កម្រៃ ប្រាក់ឧបត្ថម្ភ ដល់ក្រុមអ្នកប្រកបរបរនេះ។
ជារៀងរាល់ព្រឹកក្រុមអ្នកធាក់ស៊ីក្លូជាច្រើន តែងមកជួបជុំគ្នាចាំទទួលភ្ញៀវទេសចរបរទេស ចុះពីកាប៉ាល់នៅចំណុចផែស្ងួត ក្បែរស្ពានជ្រោយចង្វារ។ រីឯអ្នកធាក់ស៊ីក្លូខ្លះ ទៅរង់ចាំភ្ញៀវទេសចរបរទេស នៅតាមសណ្ឋាគារ ដោយពួកគេទទួលបានការដឹកជាប្រចាំ។ ថ្ងៃខ្លះទទួលបានការដឹក ទាំងព្រឹក ទាំងល្ងាចថែមទៀតផង។ នេះជាការលើកឡើង របស់អ្នកធាក់ស៊ីក្លូ ដែលមកទទួលភ្ញៀវចុះពីកាប៉ាល់។
ក្រុមអ្នកធាក់ស៊ីក្លូលើកឡើងថា ការទទួលបានភ្ញៀវបរទេសដឹកជាប្រចាំថ្ងៃនេះ ជួយសម្រួលពួកគាត់បានច្រើនលើជីវភាព។ ពួកគាត់ទទួលបានថវិកាពីតម្លៃសេវា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមពីភ្ញៀវទៀតផង។ ពួកគាត់ពិតជាសប្បាយចិត្តដែលមានវត្តមានភ្ញៀវទេសចរបរទេសច្រើនបន្តប្រើប្រាស់សេវាស៊ីក្លូបែបនេះ។
សម្រាប់ការដឹកភ្ញៀវទេសចរបរទេសជាប្រចាំនេះ ក៏មានការជួយរៀបចំដោយសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធផងដែរ។ លោក អ៊ឹម សម្បត្តិ ប្រធានសមាគម លើកឡើងថា សមាគមតែងរៀបចំឱ្យអ្នកធាក់ស៊ីក្លូ ឆ្លាស់វេនគ្នា ដឹកភ្ញៀវបរទេស។ លោកថា ចំនួនភ្ញៀវទេសចរបរទេសជិះស៊ីក្លូ មានជាប្រចាំថ្ងៃ ហើយថ្ងៃខ្លះមានចំនួនរហូតដល់ប្រមាណ ១០០នាក់។ លោកបន្តថា ចំនួនភ្ញៀវទេសចរចុះពីកាប៉ាល់នេះនឹងបន្តមានរហូតដល់ខែ មីនា ទើបមានភាពស្ងប់ស្ងាត់។
សូមជម្រាបថា អ្នកប្រកបរបរធាក់ស៊ីក្លូក៏ជាក្រុមគោលដៅដែលទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានបង្កើតមូលនិធិស៊ីក្លូ កាលពីឆ្នាំ ២០១៨កន្លងទៅ។ មូលនិធិនេះ បានផ្ដល់ថវិកា ២១ ម៉ឺនរៀល ក្នុងមួយខែ ជូនអ្នកប្រកបរបរធាក់ស៊ីក្លូ។ លើសពីនេះ រាល់អ្នកធាក់ស៊ីក្លូទាំងអស់ ក៏ទទួលបាន បណ្ណ ប ស ស សម្រាប់ការទៅទទួលសេវាពិនិត្យ ព្យាបាលដោយមិនគិតថ្លៃផងដែរ៕ អត្ថបទ៖ គឹមហុក