នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ ២៥០ រូបដែលទើបប្រឡងជាប់កាលពីថ្មីៗ ដើម្បីឲ្យមន្ត្រីកសិកម្មឃុំចេះអំពី ច្បាប់ រដ្ឋបាល លក្ខន្តិកៈការងារ និងក្រមសីលធម៌មន្ត្រីរាជការជាដើម មុននឹងចុះបំពេញការងារនៅឃុំគោលដៅរបស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម យង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា នៅក្នុងដំណើរការបណ្តុះបណ្តាលតម្រង់ទិសដំបូងរយៈពេល៤ថ្ងៃនេះ មានបំណងសំខាន់ជួយមន្ត្រីកសិកម្មឃុំយល់ដឹងអំពីការបំពេញតួនាទី និងការទទួលខុសត្រូវការងារស្របតាមគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី៧ ហើយជំហានបន្ទាប់ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាលលក្ខណៈស៊ីជម្រៅជាច្រើនប្រធានបទសំខាន់ផ្សេងទៀត ជូនមន្ត្រីកសិកម្ម២៥០រូបឲ្យមានចំណេះពហុជំនាញនឹងធ្វើការផ្តោតសំខាន់លើការផលិតកម្មស្រូវ នៅតាមរាជធានីខេត្តចំនួន១៧។

សិក្ខាកាមមន្ត្រីកសិកម្មឃុំបង្ហាញការប្តេជ្ញាចិត្ត បំពេញការងារជូនប្រជាជន និងរាជរដ្ឋាភិបាលឲ្យបានជោគជ័យ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ឯកឧត្តម នុត ច័ន្ទសុខា ថ្លែងថា ការងារដាក់ពង្រាយមន្ត្រីកសិកម្មឃុំ គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៧ ដើម្បីពង្រឹងផលិតកម្មស្បៀង និងលើកកម្ពស់ជីវភាព និងគុណភាពរបស់ប្រជាកសិករ ហើយនៅខែមេសាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៨០០នាក់បន្ថែមទៀត ដើម្បីបង្កើនបង្ខិតការងារផ្តល់សេវាកសិកម្មឲ្យនៅជិតមូលដ្ឋានកសិកម្ម និងធ្វើឲ្យកសិករងាយស្រួលទទួលបានការប្រឹក្សាបច្ចេកទេសយោបល់ផ្សេងៗនៅមូលដ្ឋានផ្ទាល់៕ អត្ថបទ៖ ស៊ុម សុខជា




