
ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាលេខ៖ ៤៦៦៨ ក.១.ដ.ឃ.ដ ចុះថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១ បង្គាប់ឲ្យឃុំខ្លួនឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ យកទៅដាក់ពន្ធនាគារព្រៃសរ (ម១) បន្ទាប់ពីតំណាងអយ្យការ បានសម្រេចចោទប្រកាន់ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តាមបណ្តឹងរបស់ក្រុមហ៊ុនទិញលក់រថយន្ត បានបញ្ជាក់ថា ឈ្មោះ ជា សុក្រឆាត ធ្លាប់មានតួនាទីជាបុគ្គលិកជាន់ខ្ពស់ផ្នែកលក់ បានឃុបឃិតគ្នាជាមួយអតីតបុគ្គលិកផ្សេងទៀត ក្លែងបន្លំកិច្ចសន្យាទិញលក់រថយន្ត និងក្លែងបន្លំរៀបចំឯកសារទិញលក់រថយន្តរាប់រយគ្រឿងចូលក្នុងក្រុមហ៊ុន ដោយប្រើរូបភាពបំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និងរៀបចំឯកសារបន្លំ លាក់បាំង ពីស្ថានភាពរបស់រថយន្តចាស់ ដែលប្រើប្រាស់រួច ដាក់ជារថយន្តថ្មីក្រដាស់ពន្ឋ ក្នុងគោលបំណង ដើម្បីកេងចំណេញផលប្រយោជន៍ពីក្រុមហ៊ុនយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
បុគ្គលនេះ យកប្រាក់ពីអតិថិជនដែលបានបង់មកឲ្យក្រុមហ៊ុនរាប់ម៉ឺនដុល្លារទុកជាប្រាក់របស់ខ្លួន មិនព្រមប្រគល់ឲ្យក្រុមហ៊ុន ឃុបឃិតគ្នាជាមួយបក្ខពួក បន្លំអត្តសញ្ញាណធ្វើជាអតិថិជនមកទិញរថយន្តរាប់រយគ្រឿង ពីក្រុមហ៊ុន យករថយន្តទៅជួលបន្តឲ្យអតិថិជនរកប្រាក់ចំណេញ។ ហើយក្រុមរបស់ខ្លួន (ជា សុក្រឆាត) បង់ប្រាក់ទិញរំលស់ចូលមកក្រុមហ៊ុនវិញនូវចំនួនទឹកប្រាក់តិចតួច លួចកាត់ឈ្មោះរថយន្តរបស់ក្រុមហ៊ុន ចុះបញ្ជីជាកម្មសិទ្ធិផ្ទាល់ខ្លួន យកប្រាក់កឹបកេងពីក្រុមហ៊ុននេះ ទៅទិញផ្ទះ ទិញដី បើកក្រុមហ៊ុនថ្មី រកស៊ីដោយខ្លួនឯង។
មិនតែប៉ុណ្ណោះបានធ្វើឲ្យបាត់ឯកសារច្បាប់ដើមរថយន្ត និង មិនបានដាក់ឯកសារច្បាប់ដើមចូលមកក្រុមហ៊ុន ជាច្រើនគ្រឿង ដោយយកលេសថា កំពុងដំណើការចុះបញ្ជីកាត់ឈ្មោះផ្ទេរសិទ្ធិ ធ្វើឲ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់អស់ជិត ២,០០០,០០០$ (ពីរលាន ដុល្លាអាមេរិក)។
តំណាងក្រុមហ៊ុនបានបន្តថា កន្លងមកមានអតិថិជនមួយចំនួន បានមករាយការណ៍ផ្ទាល់ដល់ក្រុមហ៊ុន និងបានធ្វើជាការសហការណ៍បំភ្លឺ ពីការសកម្មភាពប្រព្រឹត្តអំពើលួចបន្លំ របស់ឈ្មោះ ជា សុក្រឆាត ក៏ដូចជាការកិបកេងប្រាក់របស់ក្រុមហ៊ុនដែលអតិថិជនបានបង់ប្រាក់គ្រប់ចំនួន ជូនក្រុមហ៊ុនរួចហើយ តាមរយៈបុគ្គលឈ្មោះ ជា សុក្រឆាត ប៉ុន្តែ បុគ្គលម្នាក់នេះមិនបានបង់ចូលមកក្រុមហ៊ុនទេ។
ដូច្នេះហើយ ក្រុមហ៊ុនសូមអំពាវនាវដល់អតិថិជនទាំងអស់ ដែលធ្លាប់បានចុះកិច្ចសន្យាទិញរថយន្តបង់រំលស់ជាមួយបុគ្គលឈ្មោះ ជា សុក្រឆាត ដោយប្រើប្រាស់នាមករណ៍ និង ត្រាក្រុមហ៊ុន ឬ បានកំពុងបង់ប្រាក់ទិញរំលស់រថយន្តប្រចាំខែ តាមរយៈបុគ្គលនេះ សូមចូលមកដោះស្រាយជាមួយក្រុមហ៊ុនផ្ទាល់ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងការខាតបង់ប្រាក់ និង ផលប្រយោជន៍ស្របច្បាប់របស់អតិថិជន៕


