នៅខាងក្រៅប៉ុស្តិ៍នគរបាលមួយក្នុងរដ្ឋធានីព័រ-អូ-ប្រាំង (Port-Au-Prince)ប្រជាពលរដ្ឋហៃទី ដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារតែអំពើហិង្សាពីសំណាក់ក្រុមជនអន្ធពាល កើនឡើងខ្លាំង បានស្វែងរកការជ្រកកោនមានសុវត្ថិភាពកាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ។

ពួកគេភាគច្រើនជាប្រជាពលរដ្ឋក្នុងឃុំស៊ីតេ សូឡេល (Cite Soleil) ។ នៅតាមដងផ្លូវនានា គេបានមើលឃើញមនុស្សម្នាជាច្រើនដើរ ដោយខ្លះ ទូល ហើយខ្លះស្ពាយរបស់របរសំខាន់ៗរបស់ពួកគេ។

ស្រ្តីម្នាក់ដែលសុំមិនឈ្មោះទៅសារព័ត៌មាន Reuters បាននិយាយថា សកម្មភាពឧក្រិដ្ឋកម្ម បានរាលដាលចូលដល់ភូមិស្រុកចំនួន៣របស់យើងនៅព្រឹកនេះ ហើយបានចាប់ផ្ដើមបាញ់រះមកលើយើង។ យើងគ្មានកន្លែងសុវត្ថិភាពត្រូវទៅទេ។

អំពើហិង្សា បានកើនឡើងនៅក្នុងរដ្ឋធានីមួយនេះរបស់ប្រទេសហៃទី ស្របពេលកងកម្លាំងនគរបាលបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលប្រដាប់ដោយអាវយុធ ដែលត្រូវបានប៉ាន់ប្រមាណថាក្រុមនោះបានគ្រប់គ្រងភាគច្រើននៃរដ្ឋធានីនេះ បង្កឲ្យមានវិបត្តិមនុស្សធម៌ ដែលគេបានមើលឃើញ មនុស្សរាប់ម៉ឺននាក់រត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេដោយសារតែអំពើហិង្សា៕