នគរបាលបាននិយាយកាលពីល្ងាចថ្ងៃចន្ទ (១២ កុម្ភៈ) ថាមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រាំនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារមួយ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ម្នាក់បានដកកាំភ្លើងចេញមក ហើយបានចាប់ផ្តើមបាញ់ប្រហារនៅពេលដែលរថភ្លើងក្រោមដីបានឈប់ចូលទៅក្នុងស្ថានីយ៍មួយនៅក្នុងតំបន់ ប្រុនស៍ (Bronx) នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

យោងតាមលោក ម៉ៃខល ខេមភឺ (Michael Kemper) ប្រធាននាយកដ្ឋាននគរបាលក្រុងញូវយ៉ក បានឱ្យដឹងថា ក្មេងជំទង់ពីរក្រុមកំពុងជិះរថភ្លើងលេខ ៤ ពីតំបន់ភាគខាងជើង ហើយនៅពេលដែលទ្វារបានរថភ្លើងបើកនៅស្ថានីយ៍រថភ្លើងក្រោមដីភ្នំអេឌែន (Mt. Eden) មានមនុស្សម្នាក់ចាប់ផ្តើមបាញ់ប្រហារ។

នគរបាលបាននិយាយថា ការបាញ់ប្រហារដំបូងបានកើតឡើងនៅខាងក្នុងរថភ្លើង ប៉ុន្តែមនុស្សទាំងប្រាំមួយនាក់ ត្រូវបានបាញ់ចំនៅខាងក្រៅរថភ្លើង។ បុរស វ័យ ៣៤ ឆ្នាំម្នាក់បានស្លាប់ ខណៈមនុស្ស ៥ នាក់ផ្សេងទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរបួសមិនមានការគំរាមកំហែងដល់អាយុជីវិត។
ប្រភពពីសមត្ថកិច្ចបានប្រាប់សារព័ត៌មាន CNN ថា ខ្មាន់កាំភ្លើងបានរត់គេចពីកន្លែងកើតហេតុ ដោយពាក់អាវពណ៌ក្រហម និងរបាំងមុខ។ អាជ្ញាធរបាននិយាយថា ជនសង្ស័យជាច្រើនគឺជាផ្នែកមួយនៃការស៊ើបអង្កេត ហើយពួកគេនឹងចែកចាយរូបថតជនដៃដល់ពីកាមេរ៉ាសុវត្ថិភាពឆាប់ៗ៕