សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំដល់ ក្រសួងអធិការកិច្ច ដែលជាសេនាធិកាសំខាន់របស់រាជរដ្ឋាភិបាលក្នុងការពិនិត្យ តាមដាន និងវាយតម្លៃលើកិច្ចការងារផ្សេងរបស់ក្រសួង ស្ថាប័នរបស់រដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាសម្អាតផ្ទះខ្លួនឯងឱ្យបានស្អាតជាមុន មុននឹងចេញទៅបម្រើដល់ប្រជាពលរដ្ឋ ក្នុងទិសដៅ កែទម្រង់ ពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាកិច្ចការងារស្នូលធំបំផុត។ ដូច្នេះការអនុវត្តកិច្ចការងារនេះ គឺត្រូវរៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។
សម្ដេចធិបតី បានថ្លែងថា ក្នុងឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមទាំងមន្ទីររាជធានី ខេត្ត ទាំង ២៥ បានខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ខណៈដែលក្រសួងអធិការកិច្ច បានដើរតួនាទីសំខាន់ ដើម្បីពង្រឹងកិច្ចការអភិបាលកិច្ចនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា ក្រសួងអធិការកិច្ច ដើមឡើយមានឈ្មោះថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួលក្រសួងនេះមកនៅត្រឹមថា «ក្រសួងអធិការកិច្ច»។ ការកែសម្រួលនេះក្នុងគោលដៅឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕អត្ថបទ៖ វ៉ន ដារ៉ា