សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ណែនាំដល់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរៀបចំបង្កើតយន្តការមួយច្បាស់លាស់ ដែលជាតាមដានត្រួតពិនិត្យបន្ថែមទៀត លើការអនុវត្តកិច្ចការងារអធិការកិច្ចនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារអធិការកិច្ច និងសវនកម្មនេះមានរបៀបរៀបរយ មានស្ដង់ដាល្អ មានប្រសិទ្ធភាព និងមិនអនុវត្តជាន់គ្នា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះថា ការតាមដាន ត្រួតពិនិត្យ ការសង្កេត ការស្រាវជ្រាវ លើដំណើការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើលើគុណសម្បត្តិ និងគុណវិបត្ដិលើការអនុវត្តការងាររបស់ក្រសួងស្ថាប័ន ដើម្បីឈានទៅកែលម្អឱ្យបានល្អប្រសើរគឺជាការចាំបាច់ណាស់។
សម្ដេចធិបតីបានថ្លែងថា ដូច្នេះកិច្ចការងារអធិការកិច្ចនេះ គឺត្រូវធ្វើដោយមានប្រសិទ្ធភាពបំផុត និងប្រទាក់ក្រឡាគ្នា មិនត្រូវឱ្យមានការអនុវត្តត្រួតគ្នា ឬជាន់គ្នាឡើយ។
ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការជាមួយកិច្ចការងារអធិការកិច្ចនេះ ដើម្បីឈានទៅធ្វើការកែទម្រង់រដ្ឋសាធារណៈរបស់រដ្ឋឱ្យមានភាពល្អប្រសើរឡើងថែមទៀត ហើយកុំចាត់ទុកការងារអធិការកិច្ចនេះ គឺជាការងារចុះចាប់កំហុសរបស់ក្រសួង ស្ថាប័ននានាឱ្យសោះ៕អត្ថបទ៖ វ៉ន ដារ៉ា

