នៅថ្ងៃទី១៣ ខែកុម្ភៈ មុនថ្ងៃទិវានៃក្តីស្រឡាញ់មួយថ្ងៃ ក្រុមអាជីករលក់ផ្កា និងផ្លែឈើ នៅផ្សារធំថ្មី រាជធានីភ្នំពេញ មានភាពមមាញឹកច្រើនក្នុងការវេចខ្ចប់ និងរៀបចំទុកដាក់ទំនិញសម្រាប់ដាក់តាំងលក់ជូនដល់អតិថិជនគ្រប់មជ្ឈដ្ឋាន។

កញ្ញា ស៊ី លីង អាជីវករលក់ដូរនៅផ្សារធំថ្មី បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទ១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ជារៀងរាល់ឆ្នាំ តម្រូវការទិញផ្កាច្រើនជាងគេ គឺក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ព្រោះពលរដ្ឋ ទិញជូនមនុស្សជាទីស្រឡាញ់ ដូចជាឪពុកម្តាយ គ្រូបង្រៀន និងមិត្តភ័ក្តិជាដើម ដែលធ្វើឲ្យមានការលក់ដាច់ជាខ្លាំង។ កញ្ញា បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះបានត្រៀមផ្កាស្រស់រហូតដល់ចំនួន១ម៉ឺនទងឯណោះ ដោយសារភ្ញៀវធ្វើការកក់ទុកជាបន្តបន្ទាប់។

អ្នកស្រី អានី អាជីករលក់ផ្កាក្បែរនៅផ្សារននេះដែរ បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ការលក់ផ្កា គឺមានការកើនឡើងរហូត ដោយការយល់ដឹងរបស់ប្រជាពលរដ្ឋ ព្រោះសេចក្តីស្រឡាញ់ក្នុងទិវានេះ មិនមែនសំដៅតែលើបុគ្គលជាសង្សារ ឬប្តីប្រពន្ធប៉ុណ្ណោះទេ ប៉ុន្ដែជាការបង្ហាញក្ដីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួនជាទូទៅ។

ដោយឡែក អាជីករលក់ផ្លែឈើនៅផ្សារនេះដែរ បានប្រាប់ឲ្យដឹងដែរ ក្រៅពីបុណ្យទាននានា ក្នុងឱកាសទិវានៃក្តីស្រលាញ់មួយនេះ ក៏មានការបញ្ជាទិញផ្លែឈើពីអតិថិជនជាច្រើនដែរនាក់ដែរ ដើម្បីបង្ហាញពីក្តីស្រឡញ់ រវាងកូន និងឪពុកម្តាយ ក៏ដូចជាការបង្ហាញអំពីទំនាក់ទំនងក្នុងលក្ខណៈជាដៃគូអាជីវកម្ម និងជាមិត្តភ័ក្តជាដើម។

សូមជម្រាបជូនថា ថ្ងៃ១៤កុម្ភៈ គឺជាទិវានៃសេចក្តីស្រឡាញ់ (Valentine‘s Day) ពលរដ្ឋខ្មែរមួយចំនួននាពេលបច្ចុប្បន្ននេះ បានយល់ច្បាស់ថា ទិវានៃក្តីស្រឡាញ់នេះមិនមែនផ្តោតសំខាន់តែទៅលើគូសង្សារទេ ប៉ុន្តែជាការបង្ហាញក្តីគោរពស្រឡាញ់ចំពោះឪពុកម្តាយ ក្រុមគ្រួសារ គ្រូបង្រៀន អ្នកមានគុណ និងសាច់ញាតិមិត្តភ័ក្តិជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី








