សត្វចៀម និងសត្វគោក្របីរាប់ពាន់ក្បាល ជាប់គាំងនៅលើនាវាដែលត្រឡប់មកវិញពីសមុទ្រក្រហម បានចាប់ផ្តើមចូលចតនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃច័ន្ទ បន្ទាប់ពីរយៈពេលជិត៦សប្តាហ៍នៅសមុទ្រក្រហមនោះ។

នាវា MV Bahijah បានធ្វើដំណើរពីទីក្រុងហ្វ្រេម៉ានថល(Fremantle) ប្រទេសអូស្ត្រាលីភាគខាងលិចកាលពីថ្ងៃទី ៥ ខែមករា ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយមានសត្វចៀមប្រហែល ១៤.០០០ក្បាល និងគោក្របីចំនួន ២.០០០ក្បាលនៅលើនាវា ប៉ុន្តែត្រូវបានបង្វែរទិសដៅចេញពីផ្លូវធ្វើដំណើរ ដោយសារតែការគំរាមកំហែងវាយប្រហារដោយកងជីវពលហ៊ូទីនៅប្រទេសយេម៉ែន មុនពេលត្រូវបានបញ្ជាឱ្យត្រឡប់ទៅប្រទេសវិញ ដោយរដ្ឋាភិបាលអូស្ត្រាលី។
ក្រសួងកសិកម្មរបស់ប្រទេសអូស្ត្រាលី បាននិយាយថា សត្វគោចំនួនបួនក្បាល និងសត្វចៀមចំនួន ៦០ ក្បាល បានងាប់នៅលើនាវា ចាប់តាំងពីចេញដំណើរ។

ក្រសួងនិយាយថា ការយកសត្វចេញនឹងចំណាយពេលច្រើនថ្ងៃ ហើយសត្វទាំងអស់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដោយយោងទៅតាមច្បាប់សុវត្ថិភាពជីវសុវត្ថិភាពរបស់ប្រទេសអូស្ត្រាលី ខណៈអ្នកនាំចេញ គឺក្រុមហ៊ុនអ៊ីស្រាអែល បាសេម ដាបបា(Bassem Dabbah) ជាម្ចាស់សត្វ បានពិចារណាឡើងវិញពីជម្រើសរបស់ខ្លួន។