នគរបាលខណ្ឌដូនពេញ បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម( ទទួលទិញរបស់ចោរ)។

ប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់នាថ្ងៃទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចហាងលក់ទូរស័ព្ទយីហោ ឋានសួគ៍២ ដែលមានទីតាំងផ្លូវ ១៤៣កែងផ្លូវ១៥ សង្កាត់ផ្សាកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ របស់ជនបរទេស។ ជនសង្ស័យម្នាក់ទៀត ឈ្មោះ គឹម ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ បុគ្គលិកហាងលក់ទូរស័ព្ទយីហោ ឋានសួគ៍២ ទទួលផលចោរកម្ម ទិញទូរស័ព្ទពីជនសង្ស័យ។

តាមមន្រ្តីនគរបាលបានអោយដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាងជំនាញស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលធ្វេីសកម្មភាពលួចកាបូបជនជាតិបរទេស នៅម្តុំមាត់ទន្លេ បានហើយ ជនសង្ស័យបានសារភាពថា បានយកទូរស័ព្ទម៉ាក Iphone12 ពណ៌ក្រហម(ជាប់ICLOUD) ទៅលក់អោយហាង លក់ទូរស័ព្ទ យីហោ ឋានសួគ៌២ បានប្រាក់ចំនួន២០$ ។ ក្រោយមកកម្លាំងជំនាញបានធ្វើការបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួន បុរសម្នាក់ទៀត ជាបុគ្គលិកហាងលក់ទូរស័ព្ទយីហោ ឋានសួគ៍២ ដែលមានទីតាំងផ្លូវ១៤៣កែងផ្លូវ១៥ សង្កាត់ផ្សាកណ្តាលទី១។
សូមបញ្ជាក់ថា កាលពីវេលាយប់ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៤ ជនសង្ស័យ បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ ជនរងគ្រោះម្នាក់ ជាជនបរទេសបានសម្រេច ខណៈពេលដែលជនរងគ្រោះ ដេកលក់នៅលើបង់ថ្ម ក្នុងទីសាធារណ: នៅម្តុំមាត់ទន្លេ ។ លុះរហូតដល់វេលាយប់រំលងអាធ្រាត ជនរងគ្រោះបានភ្ញាក់ដឹងខ្លួន ទើបឆោឡោ ថាបាត់កាបូប តែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបាននគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការសាកសួរ និងកដាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ
