មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានទទួលការលើកលែងទោស នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថាវ៉ី សុដសុង (Tawee Sodsong)។

លោក ថាក់ស៊ីន ដែលកំពុងជាប់ទោសរយៈពេលមួយឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរបាលមួយកន្លែង។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា លោកស្ថិតនៅក្នុងបញ្ជីអ្នកទោសចំនួន ៩៣០ នាក់ ដែលត្រូវបានគេចាត់ទុកថាជាមនុស្សមានវ័យចំណាស់ ឬមានជំងឺ ហើយត្រូវបានយល់ព្រមឱ្យដោះលែង។

យោងតាមច្បាប់ប្រទេសថៃ លោក ថាក់ស៊ីន អាចត្រូវបានដោះលែងបន្ទាប់ពីជាប់ទោសរយៈពេលប្រាំមួយខែនៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ។
ទោះបីជាទទួលបានការដោះលែងក៏ដោយ អតីតមេដឹកនាំរូបនេះនៅតែអាចត្រូវឃុំខ្លួន ខណៈដែលព្រះរាជអាជ្ញារដ្ឋ កំពុងពិចារណាចោទប្រកាន់លោកពីបទប្រមាថព្រះមហាក្សត្រក្នុងអំឡុងពេលសម្ភាសន៍ឆ្នាំ២០១៥។
កាលពីខែសីហា លោក ថាក់ស៊ីន ដែលជាឥស្សរជននយោបាយដ៏ល្បីម្នាក់របស់ប្រទេសថៃ បានវិលត្រឡប់មកប្រទេសកំណើតវិញយ៉ាងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំក្នុងការនិរទេសខ្លួនឯងដើម្បីគេចពីពន្ធនាគារ។ ការវិលត្រឡប់មកវិញរបស់លោក កើតឡើងស្របពេលដែលសម្ព័ន្ធមិត្ត និងអ្នកនយោបាយចំណូលថ្មី លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃតែមួយ៕