បារាំង បានប្រគល់សំណើជាលាយលក្ខណ៍អក្សរទៅទីក្រុងបេរូត ក្នុងគោលបំណងបញ្ចប់អរិភាពជាមួយអ៊ីស្រាអែល និងដោះស្រាយជម្លោះព្រំដែនលីបង់-អ៊ីស្រាអែល នេះបើយោងតាមឯកសារដែលឃើញដោយសារព័ត៌មានរ៉យទ័រ ដែលអំពាវនាវឱ្យក្រុមប្រយុទ្ធនានា រួមទាំងអង្គភាពវរជនហេសបូឡា (Hezbollah) ដកថយចម្ងាយ ១០ គីឡូម៉ែត្រពីព្រំដែន។

ផែនការនេះមានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នារវាងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែលនៅតាមព្រំដែន។ អរិភាពនេះបានកើតឡើងស្របគ្នានឹងសង្គ្រាមនៅហ្កាហ្សា ហើយកំពុងជំរុញឱ្យមានការព្រួយបារម្ភពីការប្រឈមមុខដាក់គ្នាដែលអាចបង្កការបំផ្លិចបំផ្លាញបន្ថែម។

ឯកសារដែលជាសំណើលាយលក្ខណ៍អក្សរលើកដំបូងនោះ បាននាំយកទៅទីក្រុងបេរូត ក្នុងអំឡុងពេលជាច្រើនសប្តាហ៍នៃការសម្រុះសម្រួលលោកខាងលិច និងត្រូវបានប្រគល់ទៅឱ្យមន្ត្រីប្រមុខរដ្ឋនៃប្រទេសលីបង់ រួមទាំងនាយករដ្ឋមន្ត្រី ណាជីប មីខាទី (Najib Mikati) ដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក ស្ទេហ្វែន ស៊ឺហ្ស៊ូន (Stephane Sejourne) កាលពីសប្តាហ៍មុន នេះបើតាមមន្ត្រីជាន់ខ្ពស់លីបង់បួននាក់ និងបារាំងបីនាក់។

សំណើនោះប្រកាសពីគោលបំណងនៃការទប់ស្កាត់ជម្លោះ «ដែលអាចធ្លាក់ចេញពីការគ្រប់គ្រង» និងការអនុវត្ត «លទ្ធភាពបទឈប់បាញ់ នៅពេលដែលលក្ខខណ្ឌត្រឹមត្រូវ» ហើយនៅទីបំផុតអាចនឹងមើលឃើញការចរចាស្តីពីការកំណត់ព្រំដែនដីជម្លោះរវាងលីបង់ និងអ៊ីស្រាអែល៕