លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នាថ្ងៃទី១៤ កុម្ភៈ ក្រោមប្រធានបទ«ផ្តល់ឈាម ផ្តល់កី្តស្រលាញ់»។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំទិវាផ្តល់ឈាម ផ្តល់កី្តស្រលាញ់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ ក្នុងគោលបំណងសំខាន់ចំនួន២៖ ទី១.បង្កើតទម្លាប់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនទទួលកម្រៃ ធ្វើយ៉ាងណាឲ្យមហាជន ប្រជាជនទូទៅចូលរួមក្នុងកិច្ចការនេះ។ ទី២.ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ដ៏ប្រពៃក្នុងសង្គម ជាពិសេសគៀងគរកិច្ចបរិច្ចាគឈាមដោយមិនគិតកម្រៃឲ្យបានច្រើន សម្រាប់យកឈាមទៅផ្គត់ផ្គង់តាមមនី្ទរទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងទាំងអស់ ទទួលបានឈាមគ្រប់គ្រាន់ និងមានសុវត្ថិភាព។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានលើកឡើងទៀតថា ជាទូទៅតម្រូវការឈាមនេះ មានកំណើនរវាង២០%ជារៀងរាល់ឆ្នាំ។ ត្រង់ចំនុចនេះលោកវេជ្ជបណ្ឌិត សុខ ប៉ូ បានពន្យល់ថា មូលហេតុអ្វីបានជាកំណើនតម្រូវការឈាម មានការកើនឡើង? ព្រោះថា ព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍ជឿនលឿនពីមួយឆ្នាំ ទៅមួយឆ្នាំ និងមានការខុសប្លែកខ្លាំងណាស់។ ដូច្នេះតម្រូវការឈាម គឺជាសូចនាករមួយច្បាស់លាស់ក្នុងវិស័យសុខាភិបាលតែម្តង។ ព្រោះការវះកាត់ ព្យាបាលជំងឺផ្សេងៗ ត្រូវការឈាម នេះជាសូចនាករមួយបញ្ជាក់ថា ការវះកាត់ព្យាបាលជំងឺ នៅក្នុងប្រទេសកម្ពុជានេះ អាចធ្វើបាននៅការវៈកាត់ទំនើបធ្ងន់ធ្ងរជាច្រើន។ ដូច្នេះបានជាតម្រូវការឈាម មានការកើនឡើង។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការឈាម១ប្លោករៀងរាល់៥នាទីម្តង។ ទន្ទឹមនឹងនោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលការផ្គត់ផ្គង់ឈាមរង្វង់៨០% នៃតម្រូវការឈាម ទូទាំងប្រទេស មានន័យថាក្នុងមួយថ្ងៃ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ផ្គត់ផ្គង់ឈាមទៅកាន់មនី្ទរពេទ្យទូទាំងរាជធានីភ្នំពេញ (មិនថាមនី្ទរពេទ្យសាធារណៈ ឬឯកជន) ជាមធ្យម៣៥០ប្លោក ហើយវាក៏អាចប្រែប្រួលពី៣៥០ប្លោក ទៅ៤០០ប្លោក តាមថ្ងៃ នៃតម្រូវការជាក់ស្តែងផងដែរ។ ដូច្នេះទាមទារឲ្យមានការប្រឹងប្រែង ចូលរួមពីបងប្អូនជនរួមជាតិ ស្ម័គ្រចិត្តបរិច្ចាគឈាម ហើយក៏សូមផ្តាំទៅបងប្អូនប្រជាពលរដ្ឋ ឈាមអត់មានរោងចក្រផលិតនោះទេ មានប្រភពតែមួយគត់ ពីមនុស្ស ហើយការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍៣យ៉ាងសំខាន់ថែមទៀត ទី១.អត្ថប្រយោជន៍សម្រាប់បុគ្គល, ទី២.សង្គមជាតិ និងទី៣.បរលោកជាតិខាងមុខ៕ អត្ថបទ៖ រដ្ឋា





