ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី កំពុងរៀបចំចុងក្រោយនៅថ្ងៃអង្គារ (១៣ កុម្ភៈ) នេះមុនការបោះឆ្នោតនៅថ្ងៃពុធ (១៤ កុម្ភៈ) ដោយមាននគរបាលប្រហែល ២៥.០០០ នាក់ បានដាក់ពង្រាយដើម្បីធានាសន្តិសុខនៅក្នុងការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក និងជាការប្រកួតមួយដែលត្រូវបានគេមើលឃើញថាជាការសាកល្បងដ៏ធំនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលទទួលបានចាប់តាំងពីការបញ្ចប់នៃការគ្រប់គ្រងផ្តាច់ការកាលពី ២៥ ឆ្នាំមុន។

បេក្ខជនប្រធានាធិបតីបីរូប កំពុងប្រជែងគ្នាដើម្បីបន្តតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ចូកូ វីដូដូ (Joko Widodo) ដែលត្រូវបានគេស្គាល់តាមឈ្មោះហៅក្រៅថា ចូកូវី (Jokowi) ដែលកំពុងបញ្ចប់អាណត្តិទីពីរនៃចំនួនអតិបរមាពីរអាណត្តិដែលត្រូវបានអនុញ្ញាត។

បេក្ខជនទាំងនោះរួមមាន លោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) របស់គណបក្សដ៏ធំបំផុត និងបេក្ខជនឯករាជ្យ លោក អានីស បាស្វេដាន (Anies Baswedan) ដែលជាអតីតអភិបាល ដោយអ្នកទាំងពីរនេះស្ថិតក្នុងវ័យ ៥០ ឆ្នាំ និងរដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនរូ (Prabowo Subianto) អតីតមេបញ្ជាការកងកម្លាំងពិសេសវ័យ ៧២ ឆ្នាំ។

ការស្ទង់មតិបានបង្ហាញយ៉ាងជាប់លាប់ថា លោក ប្រាបូវ៉ូ គឺជាបេក្ខភាពឈ្នះឆ្នោត ដែលមានការព្យាករណ៍ថាលោកអាចឈ្នះសំឡេងភាគច្រើនជាមួយនឹងការគាំទ្រច្រើនជាង ៥០%។ មនុស្សច្រើនជាង ២០០ លាននាក់នៃចំនួនប្រជាជន ២៧០ លាននាក់ របស់ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេទីបីរបស់ពិភពលោក មានសិទ្ធិបោះឆ្នោត៕