កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានថ្លែងអោយដឹងថា ក្រោយពីកម្ពុជាឆ្លងផុតវិបត្តជម្ងឺកូវីដ១៩ក្នុងឆ្នាំ២០២២រួចមក គេសង្កេតឃើញភ្ញៀវទេសចរបរទេសជាច្រើនជាតិសាសន៍ បានមកលេងខេត្តកំពង់ឆ្នាំងកាន់តែច្រើនទៅៗ ដែលនៅក្នុងខែមករាដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរប្រមាណជិត១៥០០នាក់ បានមកស្នាក់នៅ និងទស្សនាក្នុងភូមិអណ្តូងឬស្សី និងវត្តកំពង់ត្រឡាចក្រោម ដែលជាវត្តមានវ័យចំណាស់ជាងគេនៅក្នុងខេត្តកំពង់ឆ្នាំង។
លោក សេង សាលី បានបន្តថា៖ កាលពីអំឡុងឆ្នាំ២០២៣ ពោលគឺក្រោយពីមិនមានការឆ្លងរាលដាលជម្ងឺកូវីដ១៩នៅក្នុងប្រទេស ក៏ដូចជាក្នុងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញថា ភ្ញៀវទេសរមកលេងខេត្តកំពង់ឆ្នាំងបានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០២៣ភ្ញៀវទេសចរមានប្រមាណជាង១លាន២សែននាក់ ក្នុងនោះមានភ្ញៀវបរទេសគ្រប់ជាតិសាសន៍ចំនួន៨៦២៧នាក់ បើគិតជាភាគរយគឺ២៦៤%។ ដោយឡែកនៅក្នុងខែមករាឆ្នាំ២០២៤នេះវិញ មានភ្ញៀវទេសចរមកលេងប្រមាណជាង៥ម៉ឺន៥ពាន់នាក់ ក្នុងនោះក៏មានជនជាតិបរទេសចំនួន១៤៨៣នាក់ផងដែរ។ ចំពោះខែកុម្ភៈនេះ បើតាមរបាយការណ៍គឺភ្ញៀវទេសចរបរទេសមានការកើនឡើង ។ ភ្ញៀវទេសចរបរទេស ភាគច្រើនមកលេងនៅវត្តកំពង់ត្រឡាចក្រោម ដែលមានទីតាំងស្ថិតនៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច និងភូមិអណ្តូងឬស្សី ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រៅពីនោះមានការទស្សនាវត្តយាយទេព និងទស្សនាដងទន្លេសាបនារដូវទឹកសម្រកនេះ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ វិស័យទេសចរណ៍ ជាវិស័យអាទិភាពដែលតួនាទី «ជាមាសបៃតង» រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ ពិសេសឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលជា បញ្ហាប្រឈមជាសាកល។ ដូចនេះប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់នូវការចូលរួមថែរក្សាសន្តិសុខ សណ្តាប់សាថារណៈ រក្សាបរិស្ថាន សោភ័ណភាព អនាម័យខេត្តយើងអោយបានស្អាតល្អ ទើបទេសចរគេមកលេងកំសាន្តច្រើន ហើយបងប្អូនអាចទទួលបានប្រយោជន៍ពីវិស័យមួយនេះ ៕ ដោយ ៖ កាំង ហុងវាស្នា











