
អេហ្ស៊ីប បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក បេនហ្សាឡេល ស្មូទ្រិច(Bezalel Smotrich) កំពុងបំផ្លាញដោយចេតនាកិច្ចចរចាបទឈប់បាញ់តំបន់ហ្កាហ្សា នៅទីក្រុងគែរ។
យោងតាមគេហទំព័រព័ត៌មាន Times of Israel បានរាយការណ៍ថា លោក Smotrich បានអំពាវនាវដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កុំឱ្យបញ្ជូនអ្នកតំណាងអ៊ីស្រាអែល ទៅកាន់ទីក្រុងគែរ(Cairo) ដើម្បីចូលរួមកិច្ចចរចាអំពីចំណាប់ថ្នូរ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា លោក Smotrich បន្តធ្វើសេចក្តីថ្លែងការណ៍មិនទទួលខុសត្រូវ និងការបញ្ឆេះជម្លោះ ដែលបង្ហាញពីការស្រេកឃ្លានចំពោះការសម្លាប់ កម្ទេចចោល និងបំផ្លាញរាល់ការប៉ុនប៉ងណាមួយក្នុងការទប់ស្កាត់វិបត្តិនៅតំបន់ហ្កាហ្សា។
ក្រសួង បានចាត់ទុកថា សេចក្តីថ្លែងការណ៍បែបនេះ ពិតជាពុំអាចទទួលយកបានទេ ខណៈប្រទេស អេហ្ស៊ីប មានការគ្រប់គ្រងទាំងស្រុងលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឱ្យភាគីណាមួយពាក់ព័ន្ធទៅនឹងឈ្មោះរបស់ប្រទេសអេហ្ស៊ីបឡើយ។
ប្រទេសអេហ្ស៊ីប កំពុងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាជុំថ្មី ក្រោមការជួយគាំទ្ររបស់ប្រទេសអេហ្ស៊ីប-កាតា ដោយមានគោលបំណងនាំមកនូវភាពស្ងប់ស្ងាត់ដល់តំបន់ហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីន និងអ្នកដែលត្រូវបានឃុំខ្លួនរបស់អ៊ីស្រាអែល។