
រដ្ឋ វិចតូរីយ៉ា(Victoria) របស់ប្រទេសអូស្ត្រាលី ស្ថិតលើការព្រមានខ្ពស់នៅថ្ងៃអង្គារនេះសម្រាប់គ្រោះថ្នាក់ចំហេះព្រៃដ៏មហន្តរាយ នៅភាគខាងលិចរដ្ឋ ខណៈអាកាសធាតុក្តៅ ស្ងួត និងមានខ្យល់បក់ បានគ្របដណ្តប់លើតំបន់នេះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ន រដ្ឋ Victoria បានព្រមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នៅពេលនេះ ស្រុក វីមឺរ៉ា(Wimmera) មានកម្រិតគ្រោះថ្នាក់អគ្គិភ័យដ៏មហន្តរាយ។ កម្រិតគ្រោះថ្នាក់អគ្គិភ័យខ្លាំង ក៏ត្រូវបានព្យាករណ៍ផងដែរសម្រាប់ស្រុក Mallee ភាគកណ្តាល និងភាគខាងជើង។ ទីភ្នាក់ងាររដ្ឋាភិបាលបាននិយាយថា នៅថ្ងៃដ៏មហន្តរាយ សម្រាប់ការរួចផុតជីវិតរបស់អ្នក សូមចាកចេញពីតំបន់មានហានិភ័យចំហេះព្រៃ។ ជីវិតរបស់អ្នកអាចអាស្រ័យលើការសម្រេចចិត្តដែលអ្នកធ្វើ ទោះបីជានៅមុនពេលមានចំហេះព្រៃក៏ដោយ។ យោងតាមទីភ្នាក់ងារផ្តល់សេវាអាកាសធាតុក្នុងស្រុក វ៉េឌឺហ្សូន(Weatherzone)បានឲ្យដឹងថា ខ្យល់បក់ទៅភាគខាងជើង កំពុងនាំយកខ្យល់ក្តៅចូលទៅក្នុងរដ្ឋ Victoria មុនពេលមានអាកាសធាតុត្រជាក់ខ្លាំងនៅពេលខាងមុខ ដោយកម្រិតសារធាតុបារតនៅទីក្រុង មែលប៊ន(Melbourne) ឡើងដល់ ៣០អង្សាសេ គិតត្រឹមម៉ោង ៩:៣០ នាទីព្រឹក ម៉ោងក្នុងស្រុក ហើយសីតុណ្ហភាពក្នុងទីក្រុង បានកំណត់ថាឡើងដល់ ៣៧ អង្សាសេ។ អាជ្ញាធរអគ្គិភ័យប្រចាំរដ្ឋនេះ បានព្យាករណ៍ថា សីតុណ្ហភាពនៅ ក្នុងស្រុក Wimmera និងស្រុក Mallee និងតំបន់ភាគខាងជើងនៃរដ្ឋ កម្តៅអាចឡើងដល់ជិត៤០អង្សាសេ ដោយមានខ្យល់បក់ក្នុងល្បឿន ប្រមាណ ៤០ទៅ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលមានសន្ទុះខ្យល់បក់ខ្លាំងដោយការផ្លាស់ប្តូរខ្យល់ទៅភាគនិរតី ក្នុងល្បឿនខ្យល់ចន្លោះពី ៦០ទៅ៨០ គីឡូម៉ែត្រក្នុង១ម៉ោង។ នៅក្រោមប្រព័ន្ធវាយតម្លៃគ្រោះថ្នាក់ដោយអគ្គិភ័យរបស់ប្រទេសអូស្ត្រាលី កម្រិតមហន្តរាយមានន័យថា ជាស្ថានភាពគ្រោះថ្នាក់បំផុតនៃអគ្គិភ័យ ដែលប្រជាជនក្នុងតំបន់អាចជួបប្រទះ។ អាជ្ញាធរនិយាយថា ស្ថានភាពមហន្តរាយ ធ្វើឱ្យមានការលំបាកសម្រាប់ក្រុមអ្នកពន្លត់អគ្គិភ័យក្នុងការគ្រប់គ្រងអណ្តាតភ្លើង ប្រសិនបើវាចាប់ផ្តើម។