
បេក្ខភាពប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ត្រូវបានព្យាករថានឹងទទួលបានការគាំទ្រច្រើនជាង ៥០ ភាគរយ ដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ ក្នុងមួយជុំប៉ុណ្ណោះ នេះបើយោងតាមការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញកាលពីថ្ងៃសុក្រ (០៩ កុម្ភៈ)។
ក្នុងចំណោមមនុស្ស ១.២០០ នាក់ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារស្ទង់មតិនយោបាយឥណ្ឌូនេស៊ី អ៊ីនឌីខាទ័រ ផូលីធីក (Indikator Politik) នៅចន្លោះថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ មានមនុស្សចំនួន ៥១,៨ភាគរយ បាននិយាយថាពួកគេនឹងបោះឆ្នោតគាំទ្រលោក ប្រាបូវ៉ូ ខណៈដែលចំនួន ២៤,១ភាគរយ នឹងបោះឆ្នោតឱ្យគូប្រជែងគឺលោក អានីស បាស្វេដាន (Anies Baswedan) និងចំនួន ១៩,៦ភាគរយ នឹងបោះឆ្នោតឱ្យលោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)។
ការបោះឆ្នោតនេះ គឺជាការប្រកួតប្រជែងប្រធានាធិបតីជាលើកទីបីសម្រាប់លោក ប្រាបូវ៉ូ ដែលជាអតីតទាហានដ៏ចម្រូងចម្រាសដែលបានចាញ់ប្រធានាធិបតីបច្ចុប្បន្ន លោក ចូកូ វីដូដូ (Joko Widodo)។
ខណៈពេលដែលការស្ទង់មតិភាគច្រើនបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញជាប់លាប់ថាលោក ប្រាបូវ៉ូ នាំមុខយ៉ាងរឹងមាំលើគូប្រជែង ការស្ទង់មតិនេះគឺជាការស្ទង់មតិលើកដំបូងដែលលោកត្រូវបានគេព្យាករថានឹងទទួលបានសម្លេងឆ្នោតច្រើនជាង ៥០ ភាគរយ ។ ការប្រកួតជម្រុះជុំចុងក្រោយនឹងធ្វើឡើងនៅខែមិថុនា ប្រសិនបើមិនមានបេក្ខជនប្រធានាធិបតីណាម្នាក់ទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ៕