
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបយ៉ាងលើសលប់ចំពោះការបង្កហេតុណាមួយរបស់កូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាង កំពុងបង្កើនភាពតានតឹងជាមួយនឹងការធ្វើតេស្តអាវុធថ្មីៗ ជាបន្តបន្ទាប់។
ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផលិតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់ដែលអាចបាញ់គ្រាប់២៤០មីល្លិម៉ែត្រ និងប្រព័ន្ធគ្រប់គ្រងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួន។
អគ្គសេនាធិការចម្រុះ (JCS) បានបញ្ជាក់ថា ខ្លួនបានរកឃើញ និងតាមដានការបាញ់សាកល្បងរបស់កូរ៉េខាងជើងក្នុងពេលជាក់ស្តែង កាលពីរសៀលថ្ងៃអាទិត្យ ហើយបាននិងកំពុងវិភាគលក្ខណៈបច្ចេកទេសរបស់វា រួមជាមួយនឹងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យ JCS លោកវីរសេនីយ៍ឯក Lee Sung-jun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«យោធារបស់យើងរក្សានូវឥរិយាបថដែលអាចឆ្លើយតបដ៏លើសលប់ចំពោះការបង្កហេតុដោយកាំភ្លើងធំរបស់កូរ៉េខាងជើង ខណៈពេលដែលកំពុងតាមដានការអភិវឌ្ឍអាវុធរបស់ខ្លួន និងបង្កើនការរារាំង និងសមត្ថភាពឆ្លើយតបរបស់យើង»។
លោក Lee បានបន្ថែមថា យោធាមិនបានបញ្ចេញព័ត៌មានភ្លាមៗនោះទេ ដោយសារគ្រាប់រ៉ុក្កែត មិនស្ថិតក្នុងវិសាលភាពនៃការបង្ហាញ ដូចដែលបានរៀបរាប់ នៅក្នុងកម្មវិធីរបស់ខ្លួន។ JCS ជាធម្មតាបង្ហាញការសាកល្បងមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង និងការសាកល្បងអាវុធសំខាន់ៗ។
យោងតាមប្រភពយោធាបានឲ្យដឹងថា កូរ៉េខាងជើង បានធ្វើការសាកល្បងបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿងពីតំបន់មួយ នៅជិតទីក្រុងកំពង់ផែណាមផូ (Nampho) ភាគខាងលិច កាលពីថ្ងៃអាទិត្យ។
ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់ដែលអាចបាញ់គ្រាប់២៤០មីល្លិម៉ែត្ររបស់កូរ៉េខាងជើង ត្រូវបានគេដឹងថា ត្រូវបានដាក់ពង្រាយ នៅជិតព្រំដែន ដែលបង្កការគម្រាមកំហែង ដល់តំបន់រដ្ឋធានីដ៏ទូលំទូលាយរបស់កូរ៉េខាងត្បូង។