
កសិករនៅប្រទេសឥណ្ឌា បានចាប់ផ្តើមហែក្បួនបាតុកម្មទៅកាន់ទីក្រុងដេលី ចេញពីរដ្ឋផលិតកសិកម្មនៅភាគខាងជើងរដ្ឋពុនចាប(Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) នៅថ្ងៃអង្គារ នេះ។
កសិករភាគច្រើនស្ថិតនៅក្នុងក្បួនត្រាក់ទ័រ និងរថយន្តដឹកទំនិញ បានចាកចេញទៅកាន់ទីក្រុងដេលី ជាកន្លែងដែលព្រំដែនត្រូវបានបិទដោយរបាំងបេតុង ការរារាំងរបស់នគរបាល និងការបង្កើនការដាក់ពង្រាយបុគ្គលិកសន្តិសុខ។
វីដេអូដោយយានដ្រូន នៅតាមព្រំដែនទីក្រុងដេលី បង្ហាញពីការរៀបចំសន្តិសុខខ្ពស់ នៅក្នុងការរំពឹងទុកនៃហ្វូងកសិករយ៉ាងច្រើន ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី ក្នុងការតវ៉ាទាមទារឲ្យមានច្បាប់ធានាបានតម្លៃគាំទ្រអប្បបរមា (MSP) ក្នុងចំណោមការទាមទារដ៏ទៃទៀត។
បុគ្គលិកសន្តិសុខ បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកសិករឥណ្ឌាភ្លាមៗ បន្ទាប់ពីពួកគេបានចាប់ផ្តើមការហែក្បួនបាតុកម្មទៅកាន់ទីក្រុងញូវ ដេលី( New Delhi) ជុំវិញការទាមទារផ្សេងៗ រួមទាំងតម្លៃផលដំណាំកាន់តែប្រសើរ។ នគរបាល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមកសិករនៅព្រំដែនរដ្ឋពុនចាប-ហារីយ៉ាណា ស្សាមប៊ូ (Punjab-Haryana Shambhu) មានចម្ងាយ ១២៤ ម៉ាយស៍ ពីទីក្រុងញូវ ដេលី( New Delhi)។
ការហែក្បួនបាតុកម្មនេះ ជាការតវ៉ាចុងក្រោយបំផុតជាបន្តបន្ទាប់ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ កើតឡើងប៉ុន្មានខែនៅមុនការបោះឆ្នោតជាតិ ដែលនាយករដ្ឋមន្ត្រី លោក Narendra Modi នឹងស្វែងរកអាណត្តិទីបី។
សហជីពកសិកម្ម សង្ឃឹមថានឹងបង្ខំរដ្ឋាភិបាលឱ្យបង្កើតច្បាប់ ដែលប្តេជ្ញាផ្តល់ការគាំទ្រពីរដ្ឋកាន់តែខ្ពស់ ឬការធានាបានតម្លៃ និងការសន្យាដ៏ស្មោះត្រង់ ក្នុងការបង្កើនប្រាក់ចំណូលរបស់កសិករទ្វេដង។