
រដ្ឋាភិបាលដែលកាន់អំណាចយូររបស់ប្រទេសហុងគ្រីរបស់នាយករដ្ឋមន្ត្រី វីកទ័រ អ័របាន (Viktor Orbán) ប្រឈមមុខនឹងវិបត្តិនយោបាយដ៏កម្រមួយ បន្ទាប់ពីប្រធានាធិបតីដែលជាសមាជិកនៃគណបក្សកាន់អំណាចរបស់លោកអ័របាន បានលាលែងពីតំណែង ចំពេលមានកំហឹងជាសាធារណៈចំពោះការលើកលែងទោសដល់បុរសម្នាក់ដែលត្រូវបានកាត់ទោសក្នុងសំណុំរឿងរំលោភបំពានផ្លូវភេទលើកុមារ។
ការលាលែងពីតំណែងចុងសប្តាហ៍របស់លោកស្រីប្រធានាធិបតី កាតាលីន នូវ៉ាក (Katalin Novák) បានកើតឡើង បន្ទាប់ពីវាត្រូវបានគេបង្ហាញថា លោកស្រី បានចេញការលើកលែងទោសកាលពីខែមេសា ឆ្នាំ ២០២៣ដល់បុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទលាក់បាំងការរំលោភបំពានផ្លូវភេទលើកុមារ នៅក្នុងផ្ទះរបស់កុមារ ដែលគ្រប់គ្រងដោយរដ្ឋ។ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ជូឌិត វ៉ាហ្គា ( Judit Varga) ក៏បានប្រកាសលាលែងពីតំណែងក្នុងសភាផងដែរ ជុំវិញតួនាទីរបស់លោកស្រី ក្នុងការអនុម័តសេចក្តីសម្រេចនេះ។
គូប្រជែងមួយចំនួនរបស់លោកអ័របាន និយាយថា ការលាលែងពីតំណែងរបស់សមាជិកជាន់ខ្ពស់ពីរនាក់នៃគណបក្ស Fidesz ជាតិនិយមរបស់លោក គឺមិនគ្រប់គ្រាន់ទេ ហើយលោកអ័របាន ត្រូវតែទទួលនូវផលវិបាកនយោបាយ។
អ្នកស្រី អានណា ដូណាត (Anna Donáth) សមាជិកសភាក្នុងសភាអឺរ៉ុបសម្រាប់គណបក្សប្រឆាំងហុងគ្រី Momentum បាននិយាយថា៖«លោក វីកទ័រ អ័របាន មិនខ្មាស់អៀនក្នុងការលាក់ខ្លួននៅពីក្រោយសំពត់របស់ស្ត្រីពីរនាក់ ជំនួសឲ្យការទទួលខុសត្រូវ»។ «នោះហើយជាមូលហេតុដែលមិនអាចអនុញ្ញាតឲ្យ បិទបាំងដូចនេះ»។