
ក្រុមមន្រ្តី បានបញ្ជូនដំណឹងកាលពីថ្ងៃចន្ទថា សារធាតុកូកាអ៊ីនជាង ៥តោន រឹបអូសបានកាលពីថ្ងៃអាទិត្យ ពីការស្តុកក្រោមដីនៅប្រទេសកូឡុំប៊ី ដែលគ្រោងនឹងលោតឆ័ត្រទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ។
កងកម្លាំងប្រដាប់អាវុធកូឡុំប៊ី បានវាយឆ្មក់ផ្ទះឈើមួយខ្នងស្ថិតនៅក្នុងតំបន់ជនបទ Necocli នៅភាគខាងជើងប្រទេសកូឡុំប៊ី ជាកន្លែងដែលពួកគេបានរកឃើញច្រកទ្វារនៅលើជាន់ដីទៅកាន់កន្លែងស្តុកក្រោមដី ។
រដ្ឋមន្រ្តីក្រសួងការពារជាតិកូឡុំប៊ី និយាយថា ការរឹបអូសបាននេះ នឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមឧក្រិដ្ឋកម្ម Clan del Golfo នូវទឹកប្រាក់ចំនួន ១៥០លានដុល្លារ ។
កូឡុំប៊ី ត្រូវបានគេចាត់ទុកថា ជាប្រទេសផលិតកូកាអ៊ីនដ៏សំខាន់មួយរបស់ពិភពលោក ដែលមានសមត្ថភាពផលិតប្រហែល ១.៧៣៨តោនក្នុង ១ឆ្នាំ កាលពីឆ្នាំ ២០២២ ។
ដោយឡែកនៅក្នុងប្រទេសអេស្ប៉ាញវិញ ក្រុមនគរបាលរឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ៨តោន ធ្វើដំណើរចេញពីប្រទេសសូរីណាម ដែលលាក់ទុកក្នុងទូកុងតឺន័រដាក់ម៉ាស៊ីនភ្លើង ស្ថិតនៅកំពង់ផែភាគខាងត្បូង Algeciras ។
ភ្នាក់ងារគយអេស្ប៉ាញ និយាយថា មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់នេះ ៕