ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិនបានប្រកាសពីការបង្កើត «បញ្ញាសិប្បនិម្មិតកូនក្មេង» (AI CHILD) ដំបូងគេរបស់ពិភពលោក។ សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ដោយត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទូទៅ នាទីក្រុងប៉េកាំង កាលពីចុងខែមករា Tong Tong ឬហៅថា «ក្មេងស្រីតូច» ក្នុងភាសាអង់គ្លេស គឺជាបុគ្គល AI និម្មិតដែលមានសមត្ថភាពស្រដៀងនឹងកូនក្មេងអាយុ ៣ ឬ ៤ឆ្នាំ។
Tong Tong អាចរៀនដោយខ្លួនឯង បែងចែកភារកិច្ចឲ្យខ្លួនឯង ពន្យល់បកស្រាយពីចេតនារបស់មនុស្ស ហើយដោយខុសបីគំរូភាសាធំធម្មតា (LLM) បង្ហាញពីអារម្មណ៍ផ្សេងៗ ដូចជារីករាយ កំហឹង និងទុក្ខព្រួយជាដើម។
វីដេអូណែនាំមួយបានបញ្ជាក់ថា៖ « Tong Tong មានគំនិត ហើយព្យាយាមយល់ពីសុភវិនិច្ឆ័យដែលមនុស្សបានបង្រៀន។ នាងដឹងខុសត្រូវ បង្ហាញពីអាកប្បកិរិយារបស់នាង ក្នុងស្ថានភាពផ្សេងៗ ហើយមានសមត្ថភាពកំណត់អនាគត»។
Tong Tong ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានប៉េកាំង សម្រាប់បញ្ញាសិប្បនិម្មិតទូទៅ (BIGAI) ដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រដ៏ល្បីលោក Zhu Songchun ដែលជាគណិតវិទូ និងអ្នកឯកទេស AI ផ្នែកគំនិត។ មានការរាយការណ៍ថា លោក Zhu បានចាកចេញពីការបង្រៀននៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ក្នុងទីក្រុង Los Angeles កាលពីឆ្នាំ២០២០ ដើម្បីបង្កើតវិទ្យាស្ថាននេះ៕