
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៉ូឡូញ បាននិយាយកាលពីថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ) ថា ប៉ូឡូញមិនបានស្នើដល់ទីក្រុងវ៉ាស៊ីនតោនឲ្យមានការគាំទ្រនោះឡើយ បន្ទាប់ពីមានហេតុការណ៍ថ្ងៃទី១១ កញ្ញា ដោយការលើកឡើងនេះ គឺដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក ដែលថា សហរដ្ឋអាមេរិកប្រហែលជាមិនការពារសម្ព័ន្ធមិត្តរបស់អង្គការណាតូដែលមិនចំណាយឲ្យបានគ្រប់គ្រាន់ ដើម្បីការពារការលុកលុយពីរុស្ស៊ី នាពេលអនាគត។
«សម្ព័ន្ធភាពមិនមែនជាកិច្ចសន្យាជាមួយក្រុមហ៊ុនសន្តិសុខនោះទេ»។ នេះជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសលោក Radoslaw Sikorski ដែលបាននិយាយជាមួយសមភាគីបារាំង និងអាល្លឺម៉ង់ ក្នុងកិច្ចប្រជុំ នៅខាងក្រៅទីក្រុងប៉ារីស ដោយបន្ថែមថា សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសផ្សេងទៀតមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
ទីក្រុងវ៉ាសូវី ប៉ារីស និងប៊ែរឡាំង មើលឃើញនូវការរួបរួមរបស់សហភាពអឺរ៉ុបលើវិស័យការពារជាតិ និងការបង្កើនការគាំទ្ររបស់រដ្ឋសមាជិកទាំង២៧ សម្រាប់អ៊ុយក្រែន ជារឿងសំខាន់ នៅពេលដែលការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទីក្រុងគីវ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ចំពេលមានជម្លោះនយោបាយ នៅទីក្រុងវ៉ាស៊ីនតោន។
តែទោះជាយ៉ាងណាក្ដី លោក Sikorski បាននិយាយថា សហរដ្ឋអាមេរិកប្រឈមនឹងបញ្ហានៅទូទាំងពិភពលោក ហើយថា «ស្ថានភាពអាចកើតឡើង» ដែលអឺរ៉ុបនឹងត្រូវទទួលខុសត្រូវជាចម្បង ចំពោះសន្តិសុខរបស់ខ្លួន៕