
មេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas បានធ្វើដំណើរទៅដល់ទីក្រុងដូហា ដើម្បីជួបជាមួយព្រះមហាក្សត្រកាតា ដែលប្រទេសរបស់ទ្រង់ ស្ថិតនៅកណ្តាលនៃកិច្ចខិតខំសម្របសម្រួល និងជាប្រទេសទទួលឲ្យស្នាក់នៅមេដឹកនាំនយោបាយរបស់ក្រុមជីវពលហាម៉ាស់ ។
ឯកអគ្គរដ្ឋទូតអាជ្ញាធរប៉ាឡេស្ទីនប្រចាំនៅប្រទេសកាតាលោក Munir Ghannam បាននិយាយប្រាប់វិទ្យុសំឡេងប៉ាឡេស្ទីនថា លោក Abbas និងព្រះមហាក្សត្រកាតា នឹងពិភាក្សាលើកិច្ចខិតទទួលបានបទឈប់បាញ់នៅតំបន់ហ្គាហ្សាជាមួយអ៊ីស្រាអែល និងវិធីសាស្រ្តបង្កើនជំនួយសម្រាប់ពលរដ្ឋ ២,៣លាននាក់នៅក្នុងដែនដីបិទច្រកមួយនេះ ។
លោក Ghannam បន្តថា កាតាដើរតួយ៉ាងសំខាន់ក្នុងកិច្ចខិតខំ និងការសម្របសម្រួលអន្តរជាតិ ដើម្បីឈានដល់បទឈប់បាញ់ ។ ដូច្នេះហើយ ការសម្របសម្រួលជាមួយកាតា ជាមួយអេហ្ស៊ីបផងដែរ គឺមានសារសំខាន់ជាពិសេស ដើម្បីបញ្ចប់ការឈ្លានពានលើប្រជាពលរដ្ឋរបស់ពួកយើង ។
គួរឲ្យដឹងថា ប្រទេសកាតា ទទួលឲ្យស្នាក់នៅមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ក៏ដូចជាមេដឹកនាំជាន់ខ្ពស់ម្នាក់ទៀតនៅក្នុងក្រុមមួយនេះ គឺលោក Khaled Meshaal ដែលដោះស្រាយកិច្ចការអន្តោប្រវេសន៍នៅក្នុងការិយាល័យនយោបាយក្រុមហាម៉ាស់ ។
ដោយឡែក អាជ្ញាធររបស់លោក Abbasត្រូវបានកាត់បន្ថយច្រើននៅតំបន់វ៉េសប៊ែងកាន់កាប់ដោយអ៊ីស្រាអែល ដែលធំជាងតំបន់ហ្គាហ្សា ប៉ុន្តែត្រូវបានបែកបាក់គ្នាផងដែរដោយសារការតាំងលំនៅនិគមន៍អ៊ីស្រាអែល ៕