
ប្រធានវិទ្យាស្ថានស្រាវជ្រាវក្រុងគីវ និយាយកាលពីថ្ងៃចន្ទថា ការវិភាគបឋមសន្និដ្ឋានថា រុស្ស៊ី បានវាយប្រហារទីក្រុងគីវកាលពីសប្តាហ៍មុន ជាមួយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ដែលជាការប្រើប្រាស់លើកដំបូងរបស់ពួកគេនៅក្នុងសង្រ្គាមរយៈពេលជិត ២ឆ្នាំនេះ ហើយវាតំណាងឲ្យការប្រឈមថ្មីចំពោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ។
លោក Oleksandr Ruvin គឺជាប្រធានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រុងគីវសម្រាប់ការពិនិត្យកោសល្យវិច្ច័យ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា វិទ្យាស្ថានរបស់លោក បានបញ្ចប់ការវិភាគបឋមលើបំណែកមីស៊ីល ពីការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃទី ៧ ខែកុម្ភៈ ។
លោកបានរួមបញ្ចូលវីដេអូនៃបំណែកមីស៊ីលបង្ហាញពីស្លាកស្នាមច្បាស់លាស់ ។
ទោះបីជាយ៉ាងក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយចំពោះទីតាំង ឬកាលបរិច្ឆេតពេលដែលថតវីដេអូមួយនេះ ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ។
សូមបញ្ជាក់ថា មីស៊ីល Zircon មានរយៈចម្ងាយ ១ពាន់គ.ម ហើយនិងអាចធ្វើដំណើរលឿនជាងសំឡេងរបស់វារហូតដល់ ៩ដង ៕