
ប្រទេសអាមេនី បាននិយាយនៅថ្ងៃអង្គារនេះថា ទាហានពីរនាក់របស់ខ្លួន ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អាស៊ែរបៃហ្សង់ នៅតាមបណ្តោយព្រំដែនដែលមានយោធាយ៉ាងច្រើន ដែលជាឧបទ្ទវហេតុស្លាប់ដំបូង ចាប់តាំងពីភាគីទាំងពីរ បានចាប់ផ្តើមការចរចារ ដើម្បីបញ្ចប់សង្រ្គាមជាប់គ្នាជាង ៣០ឆ្នាំកាលពីឆ្នាំមុន។
ក្រសួងការពារជាតិអាមេនី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា ទាហានរបស់ខ្លួនពីរនាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត រងរបួសនៅឯប៉ុស្តិ៍ប្រយុទ្ធមួយ នៅជិតភូមិ ណឺគីន ហាន (Nerkin Hand) ភាគខាងត្បូងប្រទេសអាមេនី។
សេវាព្រំដែនរបស់ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរៀបចំ «ប្រតិបត្តិការសងសឹក» ក្នុងការសងសឹកចំពោះ «ការបង្កហេតុ» ដែលខ្លួន បាននិយាយថា កងកម្លាំងអាមេនី បានប្រព្រឹត្ត កាលពីថ្ងៃមុននេះ។
សេវានេះ បាននិយាយទៀតថា «ការបង្កហេតុ» បន្ថែមទៀត នឹងត្រូវបានឆ្លើយតបជាមួយនឹង «វិធានការធ្ងន់ធ្ងរ និងការសម្រេចចិត្តបន្ថែមទៀត ចាប់ពីពេលនេះទៅ»។
«មេដឹកនាំយោធា និងនយោបាយរបស់ប្រទេសអាមេនី ទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុនេះ»។
ក្រសួងការពារជាតិអាស៊ែរបៃហ្សង់ បាននិយាយថា កងកម្លាំងអាមេនី កាលពីល្ងាចថ្ងៃចន្ទ បានបាញ់ទៅលើទីតាំងរបស់ទីក្រុងបាគូ នៅតាមបណ្តោយផ្នែកភាគពាយ័ព្យនៃព្រំដែន ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ (១៨៦ម៉ាយ) ពីភូមិណឺគីន ហាន។ ក្រសួងការពារជាតិអាមេនី បានបដិសេធថា មិនមានឧប្បត្តិហេតុបែបនេះ បានកើតឡើងទេ។