អត្តពលកម្ម៖ កីឡាករជម្រើសជាតិអត្តពលកម្ម ប៉ែន សុគង់ បាននឹងកំពុងសម្រួចការហ្វឹកហាត់ជាខ្លាំង ដើម្បីត្រៀមចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដែលបានពន្យារពេលមករៀបចំនាចុងខែកក្កដាខាងមុខនេះ ហើយរូបគេបានប្ដេជ្ញានឹងខិតខំបំបែកកំណត់ត្រារបស់ខ្លួន ដើម្បីជាបទពិសោធន៍ត្រៀមស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ប៉ែន សុគង់ បានបញ្ជាក់ថា នេះគឺជាលើកដំបូងដែលខ្លួនទទួលបានឱកាសចូលរួមព្រឹត្តិការណ៍ដ៏ធំ និងមានការប្រកួតប្រជែងកម្រិតខ្ពស់បែបនេះ។ យ៉ាងណាមិញរូបគេបានតាំងចិត្តនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព និងបច្ចេកទេសដែលធ្លាប់ហ្វឹកហាត់ ដើម្បីឲ្យស័ក្ដិសមជាមួយការផ្ដល់ឱកាស និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា។ កីឡាករជំនាញរត់ល្បឿនចម្ងាយ ១១ម៉ែត្ររូបនេះបានសង្កត់ធ្ងន់ថា ទោះបីលទ្ធផលក្នុងការប្រកួតកម្រិតពិភពលោកនេះ យ៉ាងណាក៏ដោយក៏ខ្លួននឹងព្យាយាមសម្រេចគោលដៅ ពិសេសខិតខំបំបែកកំណត់ត្រាសិទ្ធិផលចាស់របស់ខ្លួន ដើម្បីជាការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម ពិសេសត្រៀមលក្ខណៈប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ប៉ែន សុគង់ នឹងចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ក្នុងនាមសិទ្ធអនុគ្រោះលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ខណៈសិទ្ធផលក្នុងពេលហ្វឹកហាត់កន្លងមក គឺសម្រេចបានក្នុងថេរវេលា ១០.៨៧វិនាទី។ ប៉ុន្ដែយ៉ាងណា សុគង់ បានតាំងចិត្តនឹងខិតខំបន្ថែមទៀត តាមរយៈការប្រឹងប្រែងហ្វឹកហាត់យ៉ាងយោចក្នុង ១ថ្ងៃ ៥ម៉ោង និងក្នុង ១សប្ដាហ៍ ៥ថ្ងៃកន្លះដើម្បីបង្កើនបង្កើនសិទ្ធផលកាន់តែល្អថែមទៀតមុនការប្រកួតមកដល់។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កម្រិតពិភពលោក ៤ឆ្នាំម្ដងនេះនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៣ ខែកក្កដារហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនៅប្រទេសជប៉ុន ដោយកម្ពុជាទទួលបានសិទ្ធអនុគ្រោះដើម្បីបញ្ជូនអត្តពលិក ២ប្រភេទកីឡាទៅចូលរួម រួមមានកីឡាអត្តពលកម្មម្នាក់គឺកីឡាករ ប៉ែន សុគង់ និងកីឡាហែលទឹក ២នាក់ រួមមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ហែមថុន ពន្លឺ៕
អត្ថបទ៖ លី ឈុនឡា