ប្រណាំងកង់៖ កីឡាករប្រណាំងកង់អូស្ត្រាលី Ben O’Connor បានប្រជែងឈ្នះដំណាក់កាលទី ៩ នៃការប្រកួត Grand Tour, Tour de France តែអ្នកការពារតំណែងជើងឯក Tadej Pogacar នៅតែបន្តនាំមុខរួមដដែល។

ដំណាក់កាលទី៩ ដែលមានចម្ងាយផ្លូវ ១១៤៤.៩គីឡូម៉ែត្រប្រណាំងលើស្ថានភាពផ្លូវភ្នំ កីឡាករ Ben O’Connor របស់ ក្រុមប្រណាំង AG2R Citroen បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ២៦នាទី ៤៣វិនាទី។ លេខ២ ក្នុងដំណាក់កាលបានទៅកីឡាករអ៊ីតាលី Mattia Cattaneo របស់ក្រុម Quick-Step យឺតជាង ៥នាទី ៧វិនាទី និងលេខ៣ ក៏ជាកីឡាករអ៊ីតាលីដែរគឺ Sonny Colbrelli របស់ក្រុម Bahrain-Victorious យឺតជាង ៥នាទី ៣៤វិនាទី។
ដោយឡែកក្រោយ ៩ដំណាក់កាលនេះកីឡាករស្លូវេនី Tadej Pogacar របស់ក្រុម UAE Team Emirate នៅតែបន្តនាំមុខរួមដដែលមានវេលាសរុប ៣៤ម៉ោង ១១នាទី ១០វិនាទី។ អ្នកលេខ២ គឺអ្នកឈ្នះដំណាក់កាលទី៩ នេះ Ben O’Connor យឺតជាង ២នាទី ១០វិនាទី និងលេខ៣ កីឡាករកូឡុំប៊ Rigoberto Uranយឺតជាង ៥នាទី ១៨វិនាទី។ ថ្ងៃចន្ទនេះមិនមានការប្រកួតឡើយគឺជាថ្ងៃសម្រាក ខណៈការប្រកួតដំណាក់កាលទី១០ ស្អែកនេះមានចម្ងាយផ្លូវ ១៩០.៧គីឡូម៉ែត្រប្រណាំងលើស្ថានភាពផ្លូវរាបស្មើ៕
អត្ថបទ៖នាង សុភាវុធ