សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ បានបង្កើតសាខាថ្មីមួយទៀតនៅទីតាំងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សាខាថ្មីនេះ គឺជាការបណ្ដុះបណ្ដាលលើ មហាវិទ្យាសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ដែលត្រៀមសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាសាកលវិទ្យាល័យរដ្ឋវ័យចំណាស់មួយ ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើនក្នុងរយៈពេលជាច្រើនសិបឆ្នាំមកនេះ។ គ្រឹះស្ថានឧត្តមសិក្សាមួយនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក៏ត្រៀមពង្រីកវិសាលភាពរបស់ខ្លួន ដោយនឹងដាក់សម្ពោធសាខាថ្មី នៅសង្កាត់វា លស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការសម្ពោធ គឺនឹងរៀបចំឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា។
សាខាថ្មីដែលត្រៀមចូលរួមបង្កើតធនធានមនុស្សនេះ គឺជាមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ឯកឧត្តមលើកឡើងថា ការបណ្ដុះបណ្ដាលនៅសាខាថ្មី មានលក្ខណៈស្តង់ដាអន្តរជាតិ ដោយបង្រៀនជាភាសាអង់គ្លេស ជាភាសាគោល និងភាសាបារាំងជាភាសាជម្រើស។ ជាការកម្រិតសម្រាប់និស្សិតចូលរៀន គឺត្រូវតែជានិស្សិតឆ្នើម ទទួលបាននិទ្ទេស A លើមុខវិជ្ជាគណិតវិទ្យាជាដាច់ខាត សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប។
ភ្ជាប់ជាមួយនឹងការកម្រិតសម្រាប់សិស្សចូលរៀន ចំពោះសាស្ត្រាចារ្យវិញ ក៏ជាសាស្ត្រាចារ្យ ដែលទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យល្បីៗពីប្រទេសជុំវិញពិភពលោក និងសាស្ត្រចារ្យបរទេសមកពីបណ្ដាសាកលវិទ្យាល័យនានា ជាដៃគូរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង។
និស្សិតដែលកំពុងសិក្សា ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល បានលើកឡើងនូវសកម្មភាពសិក្សា បូករួមទាំងឱកាសទទួលបាន និងចំណេះដឹងជាច្រើនក្នុងការសិក្សាកន្លងមកនេះ។
សម្រាប់ការត្រៀមបើកសាខាថ្មី នៃសាកកលវិទ្យាល័យជាតិគ្រប់គ្រងនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញការសារទរ ចំពោះសមិទ្ធផលថ្មីនេះផងដែរ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម លើកឡើងថា ការបង្កើតមហាវិទ្យាល័យថ្មីនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា។
មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នេះគឺមាន ៤មុខជំនាញ។ មុខជំនាញទាំងនោះរួមមាន ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ចឌីជីថល ថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ថ្នាក់បរិញ្ញាបត្រផ្នែកការគ្រប់គ្រងផែនការទីក្រុងវៃឆ្លាត និងថ្នាក់វិទ្យាសាស្ត្រកំព្យូទ័រ៕ អត្ថបទ៖ គឹមហុក