អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានច្រានចោលការព្រមានរបស់អឺរ៉ុប អំពី «ការឃោសនាបំភាន់របស់រុស្ស៊ី» ដោយនិយាយថា អ្វីក៏ដោយដែលប្រឆាំងនឹងការនិទានកថាបច្ចុប្បន្ន ត្រូវបានលោកខាងលិចចាត់ថាជាការឃោសនា។

លោក ផេស្កូវ ត្រូវបានសាកសួរអំពីកិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងរដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ ដែលពួកគេព្រមានអំពីការរីករាលដាលនៃការឃោសនារបស់រុស្ស៊ី នៅក្នុងបណ្តាប្រទេសអឺរ៉ុប នៅមុនការបោះឆ្នោតនៅខែមិថុនា ទៅកាន់សភាអឺរ៉ុប។

នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយថា «វាច្បាស់ណាស់ឥឡូវនេះដែលថាប្រភព ប្រព័ន្ធផ្សព្វផ្សាយ ឬសម្ភារៈណាមួយពីអ៊ីនធឺណិត ដែលមិនបំពេញតាមលក្ខណៈវិនិច្ឆ័យ ឬមិនដូចអ្វីដែលគេចង់បាន ត្រូវបានទទួលស្គាល់ភ្លាមៗថាជាការឃោសនា»។

បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់ប្រតិបត្តិកររុស្ស៊ី ម្តងហើយម្តងទៀតថាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ីនធឺណិត ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភាន់ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ពួកគេ ហើយដើម្បីផ្សព្វផ្សាយរុស្ស៊ី ឬប៉ុនប៉ងបំភាន់មតិសាធារណៈប្រឆាំងនឹងការគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ី៕