ការប្រមូលចំណូលថវិការដ្ឋ ទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ បានចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិ នៃជំងឺកូវីដ-១៩ ខណៈរំហូរចំណាយមានទិសដៅវិជ្ជមាន បានឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃការដាក់ចេញនូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាល។
ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លើកឡើងនៅក្នុងពិធីបិទកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ ២០២៣ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ជុំវិញការពង្រឹងថវិកាកម្មវិធី ក៏ដូចជាការកែលម្អប្រព័ន្ធគណនេយ្យសាធារណៈ និងប្រព័ន្ធសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ ជាពិសេសការ ចាប់ផ្តើមដាក់ឲ្យអនុវត្តន៍ជាជំហានៗ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ, សមិទ្ធផលនៃដំណាក់កាល ទី៣ និងរួមបញ្ចូននូវយុទ្ធសាស្រ្តកែទម្រង់សំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះនៃការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មរួមាន៖ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ, យុទ្ធសាស្រ្តនៃការកែទម្រង់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, យុទ្ធសាស្រ្តគៀគរចំណូលរយៈពេល មធ្យម, យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ, យុទ្ធសាស្រ្តស្តីពីការការកែទម្រង់ប្រព័ន្ធគ្រប់គ្រង់វិនិយោគសារធារណៈ និងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធគណនេយ្យជាដើម។
ក្រៅពីនេះ ច្បាប់គោលសំខាន់ៗសម្រាប់ប្រើជាមូលដ្ឋាន ក្នុងការធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ ក៏ត្រូវបាន អនុម័ត និងដាក់ឲ្យប្រើប្រាស់ដូចជា៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីឆ្នាំ ២០២៣, ច្បាប់ស្តីពីសារពើរព័ន្ធឆ្នាំ ២០២៣, ច្បាប់ស្តីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធឆ្នាំ២០២២, ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២០, ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣, ច្បាប់ស្តីពីមូលបត្ររដ្ឋឆ្នាំ២០២០, និងច្បាប់ស្តីពីភាពដៃគូររវាងរដ្ឋ និងឯកជនឆ្នាំ ២០២១។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ផ្អែកលើសមិទ្ធផលក្នុងរយៈពេលជិត ២០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលមានមូលដ្ឋានគ្រប់ គ្រាន់ ក្នុងការចាប់ផ្តើមអនុវត្តដំណាក់កាលទី៤ ផ្តោតលើគណនេយ្យភាពសមិទ្ធកម្ម ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រកាសដាក់ឲ្យអនុវត្តក្នុងឆ្នាំ ២០២៣។ ឆ្នាំដំបូងនៃការអនុវត្តដំណាក់កាលទី៤ នេះ គឺជាឆ្នាំពិសេស ព្រោះថាគឺ ជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោត, ក្នុងបរិការណ៍នេះ ការអនុវត្តការងារកែទម្រង់មានលក្ខណៈបត់បែន និងទន់ភ្លន់ តែម៉ឺងម៉ាត់ ជាក់ស្តែង, ការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម បានធ្វើឱ្យចំណូលជាតិ កើនឡើងជាលំដាប់ ជាការពិតវិបត្តិនៃជំងឺកូវីដ-១៩ បានបន្ទុចបង្អាក់មួយចំនួនដល់កិច្ចប្រឹប្រែងនៃការប្រមូលចំណូល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែយ៉ាងណាក៏ដោយការ ប្រមូលចំណូលថវិការដ្ឋ, ទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ, បានចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺ កូវីដ-១៩ ក្នុងនោះចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣, រំហូរចំណាយមានទិសដៅវិជ្ជមាន ដែលឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពជាបណ្តើរៗ នៃ ការដាក់ចេញនូវវិធានការចាំបាច់ក្នុងការកែលម្អការអនុវត្តថវិកា, ខណៈផ្នែកចំណាយ ការរៀបចំថវិកាតាមកម្មវិធី បានផ្ដល់លទ្ធភាព ក្នុងការបង្កើនប្រសិទ្ធភាពនៃការវិភាជន៍ថវិកាកាន់តែចំគោលដៅ៕ អត្ថបទ៖ សុន រ៉ាឌី
