មន្ត្រីគណបក្ស របស់លោក អ៊ីមរ៉ានខាន់(Imran Khan) បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈថាអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Khan ដែលកំពុងជាប់ពន្ធនាគារបាននិយាយថា ក្រុមសមាជិកសភាឯករាជ្យដែលគាំទ្រដោយគណបក្សរបស់លោកនឹងចូលរួមជាមួយគណបក្សមានសំឡេងតិចម៉ាចលីសអ៊ី វ៉ាដេត អ៊ីម៉ូស្ល៊ីមីន(Majlis-e-Wahdat-e-Muslimeen)(MWM) ដើម្បីបង្កើតរដ្ឋាភិបាលមួយបន្ទាប់ពីការបោះឆ្នោតមិនពេញលេញកាលពីសប្តាហ៍មុន។

ប្រធានគណបក្សតារីក អ៊ី-អ៊ីនសាហ្វ ប៉ាគីស្ថាន(Pakistan Tehreek-e-Insaf (PTI) របស់លោក Khan បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅពន្ធនាគារ អាឌីឡា (Adila) ថា អតីតនាយករដ្ឋមន្ត្រីក៏នឹងសម្រេចចិត្តផងដែរថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនេះ។

លោកបានបន្ថែមថា ក្រុមតំណាងរាស្ត្រសភាឯករាជ្យដែលគាំទ្រដោយគណបក្ស PTI នឹងមិនចូលរួមកម្លាំងជាមួយគណបក្ស សម្ព័ន្ធម៉ូស្ល៊ីម ណាវ៉ាស់ ប៉ាគីស្ថាន (Pakistan Muslim League-Nawaz) (PML-N) គណបក្សប្រជាជនប៉ាគីស្ថាន (PPP) និង គណបក្ស ចលនាម៉ូតាហ៊ីដា កាមី (Muttahida Qaumi Movement) (MQM) ជាគណបក្សធំជាងគេទាំងបី ដែលបង្ហាញថាក្រុមឯករាជ្យរបស់លោកនឹងមិនចូលជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះណាមួយនោះឡើយ។

គណបក្ស PML-N របស់អតីតនាយករដ្ឋមន្ត្រី ណាវ៉ាស់ (Nawaz Sharif) ដែលជាគណបក្សធំជាងគេបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែកុម្ភៈ បាននិយាយថា ខ្លួននៅតែបន្តការចរចាជាមួយ PPP ដែលជាគណបក្សធំទីពីរ ដើម្បីដណ្តើមភាពជាដៃគូ។
មេដឹកនាំ PML-N លោកហ្សេបាសហ្សារីហ្វ (Shehbaz Sharif) បានជំទាស់នឹងក្រុមសមាជិកឯករាជ្យដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ដែលមានចំនួនអាសនៈច្រើនជាងគេ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងបង្ហាញពីសំឡេងភាគច្រើនរបស់ពួកគេ។ លោកថា ប្រសិនបើពួកគេមិនអាចធ្វើដូច្នេះបាន គណបក្សផ្សេងទៀតនឹងធ្វើ។
ការជាប់គាំងរយៈពេល៥ថ្ងៃបន្ទាប់ពីការបោះឆ្នោតសកលបានក្លាយជាមូលហេតុនៃក្តីបារម្ភ ខណៈប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ជួបវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធនានា៕