កងកម្លាំងសហរដ្ឋអាមេរិក នៅលើនាវាផ្ទុកយន្តហោះ យូអេសអេស ឌីវ៉ាយ ឌី អេសេនហូវ័រ(USS Dwight D. Eisenhower) បាននិយាយថា ពួកគេបានការពារដោយជោគជ័យនូវនាវាពាណិជ្ជកម្មចំនួនពីរពាន់គ្រឿង ដែលបានឆ្លងកាត់តាមសមុទ្រក្រហម។

មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ម៉ាក មីហ្គូស(Marc Miguez) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានមើលឃើញការថយចុះនៃសកម្មភាពរបស់ក្រុមហ៊ូទី ក្នុងរយៈពេល ៦០ ថ្ងៃចុងក្រោយនេះ។

ក្រុមសកម្មប្រយុទ្ធហ៊ូទី នៅប្រទេសយេម៉ែន គ្រប់គ្រងតំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេស ហើយបានបង្ហោះយានដ្រូននិងបាញ់មីស៊ីលម្តងហើយម្តងទៀតប្រឆាំងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា។
ក្រុមហ៊ូទី និយាយថា ការវាយប្រហារជាច្រើនលើក គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់យោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ហើយពួកគេបានធ្វើឡើងដោយមានការអាណិតដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
ការវាយប្រហារ បានជំរុញឱ្យក្រុមហ៊ុនជាច្រើន បញ្ឈប់ប្រតិបត្តិការនៅសមុទ្រក្រហម ហើយជ្រើសរើសយកផ្លូវដ៏វែងឆ្ងាយ និងមានតម្លៃថ្លៃជាងនេះ នៅជុំវិញទ្វីបអាហ្រ្វិក។